សូមប្រុងប្រយ័ត្ន! ជនខិលខូច បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ឆបោកក្រោមរូបភាពផ្ដល់ “ប្រាក់-កម្ចីតាមអនឡាញ”
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះការឆបោកក្រោមរូបភាព“ប្រាក់-កម្ចីអនឡាញ”។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ “ក្រោមរូបភាពការផ្តល់កម្ចីប្រាក់តាមអនឡាញ” ដែលមានលក្ខណៈងាយស្រួលខ្ចី ដើម្បីទាក់ទាញអោយ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកចាប់អារម្មណ៍ និងធ្វើការស្នើសុំខ្ចីលុយពីគណនីហ្វេសបុកក្លែងក្លាយទាំងនោះ ក្រោយមកពួកវាធ្វើជាយល់ព្រមផ្តល់ប្រាក់កម្ចីតាមការស្នើសុំរបស់យើង ដោយតម្រូវឱ្យយើងថតឯកសារមួយចំនួន ដូចជាអត្តសញ្ញាណរបស់ខ្លួន និងតម្រូវឱ្យយើងវេរលុយទៅឱ្យពួកវាជាថ្លៃសេវាផ្សេងៗជាច្រើនលើក ច្រើនសារ តែទីបំផុតប្រាក់កម្ចីក៏មិនបាន ថែមទាំងបាត់បង់លុយដែលបានវេរទៅអោយពួកវាថែមទៀត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការប្រាក់កម្ចី ជាពិសេសតាមរយៈអនទ្បាញ សូមមានការប្រុងប្រយ័ត្ន និងពិនិត្យអោយបានល្អិតល្អន់មុននឹងសំរេចចិត្តក្នុងការស្នើសុំកម្ចីពីស្ថាប័នណាមួយ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
