ក្រសួងដែនដី ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ខណៈដែរប្រមាណ ២ លានបណ្ណទៀត កំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយនៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំខាងលើ ក្រសួងទាំងពីរ បានឯកភាពគ្នាជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
តានឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី បន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស ៕ ប្រភព៖ ក្រសួងព័ត៌មាន
