Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ៉ីស្រាអែល សរសើរនិស្សិតកម្ពុជាមានសមត្ថភាព ប្រឹងប្រែងក្នុងការសិក្សា និងធ្វើការ, ១ឆ្នាំកម្ពុជាបញ្ជូននិស្សិត ទៅអ៉ីស្រាអែលជាង ៤៥០នាក់

    BY Khmerpress January 26, 2024
    អ៉ីស្រាអែល សរសើរនិស្សិតកម្ពុជាមានសមត្ថភាព ប្រឹងប្រែងក្នុងការសិក្សា និងធ្វើការ, ១ឆ្នាំកម្ពុជាបញ្ជូននិស្សិត ទៅអ៉ីស្រាអែលជាង ៤៥០នាក់

    (ភ្នំពេញ)៖ លោកស្រី អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងកម្ពុជាបានលើកឡើងថា ទាំងសាស្ត្រចារ្យ និងកសិកររបស់អ៉ីស្រាអែល បានសរសើរ និងរីករាយនឹងសមត្ថភាព នៃការសិក្សា និងការធ្វើការជាមួយនិស្សិតកម្ពុជា។

    ការលើកឡើងរបស់លោកស្រី ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។

    ​លោកស្រីបានថ្លែងថា «ថ្មីៗនេះ យើងបានបញ្ជូនសិស្សជាង ៤៥០ ទៅ៦៤០នាក់បន្ថែមទៀត។ យើងពិតជាសង្ឃឹមថា នៅឆ្នាំ២០២៤ និង២០២៥ យើងនឹងទទួលបានចំនួនសិស្សដូចគ្នា។ សាស្ត្រាចារ្យអ៉ីស្រាអែល និងកសិករអ៉ីស្រាអែល ពិតជាកោតសរសើរ និងរីករាយក្នុងការធ្វើការជាមួយ​និស្សិតកម្ពុជា។ ​ពួកគេពិតជារីករាយ ក្នុងការធ្វើការជាមួយសិស្សទាំងនោះ ហើយពួកគេពិតជារីករាយនឹងសមត្ថភាពសិក្សារបស់ពួកគេ»

    លោកបន្តថា «យើងមិនមានតម្រូវអីនោះទេ ប៉ុន្តែពួកគេត្រូវចេះនិយាយភាសាអង់គ្លេស ព្រោះបើគេមិនអាចនិយាយភាសាអង់គ្លេសបាន គេមិនអាចអង្គុយក្នុងថ្នាក់ ​និងយល់មេរៀន​នោះទេ។ សម្រាប់យើង បើនិយាយពីផ្នែកសិក្សា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ដែលតម្រូវឱ្យអ្នកគ្រប់គ្នាយល់ ហើយទទួលបានលទ្ធផលសិក្សាខ្ពស់។ ​ហើយតាមទស្សនៈរបស់យើង យើងសង្ឃឹមថានៅឆ្នាំក្រោយ យើងនឹងឃើញនិស្សិតកម្ពុជាចំនួន ៤៥០នាក់មកប្រទេសអ៉ីស្រាអែល»

    សូមជម្រាបថា ជារៀងរាល់ឆ្នាំមាននិស្សិតខ្មែរប្រមាណ ៤៥០នាក់ បានចេញទចូលរួមកម្មវិធីកម្មសិក្សា នៅប្រទេសអ៉ីស្រាអែល ដែលពួកគេអាចរៀនពីវិស័យកសិកម្មផង និងអនុវត្តផង។

    បច្ចុប្បន្ននេះនិស្សិតគ្រប់គ្នា គឺមានសុវត្ថិភាព ហើយពួកគេបន្តការសិក្សា បន្តធ្វើការដដែល ខណៈសង្គ្រាមនៅពេលនេះ គឺមានតែនៅតំបន់ហ្គាហ្សាប៉ុណ្ណោះ មិនមាននៅក្នុងតំបន់អ៉ីស្រាអែលទៀតឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: