Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេស៣ឆ្នាំ សម្រាប់វិនិយោគិន ទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ មានតម្លៃលើស១០ម៉ឺនដុល្លារ

    BY Naren January 31, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេស៣ឆ្នាំ សម្រាប់វិនិយោគិន ទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ មានតម្លៃលើស១០ម៉ឺនដុល្លារ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិន ដែលទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាមេរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។

    ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬសកម្មភាពផ្សេងៗជាច្រើន រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ជារួមដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាម៉េរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យដោយឡែក»។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏មានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ ការរៀបចំតំបន់គម្រោងវិនិយោគ ឬតំបន់អភិវឌ្ឍនៅតាមភូមិ, សង្កាត់ និងផ្លូវសំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្ដែង, ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។

    ការរៀបចំ និងការអនុវត្តយុទ្ធនាការ «ទីក្រុងសុវត្ថិភាព», ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្ដារនិងពង្រឹងកិត្តិនាមរបស់ខេត្តព្រះសីហនុលើឆាកអន្តរជាតិ, ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគ។

    សម្តេចមហាបវរធិបតី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងធ្វើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ, ជាពិសេសការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ការលើកទឹកចិត្ត និងវិធានការគាំទ្រ ផ្សេងទៀត, ការសម្របសម្រួលក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទិ្ធរដ្ឋ ឬ ឯក- ជន) ដើម្បីប្រែក្លាយដីទាំងនេះ ទៅជាតំបន់ប្រមូលផ្ដុំឧស្សាហកម្ម ឬ សហគ្រាស និង/ឬ តំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រផ្នែកគោលនយោបាយលើកទឹកចិត្ត, ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការអនុវត្តតំបន់សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់ពាណិជ្ជកម្មសេរី, តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្ដុំធនធាន និងជំរុញការអភិវឌ្ឍឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម, ឬនៅស្ទឹង ហាវ ឬកន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: