Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

    BY Khmerpress February 7, 2024
    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ច​ក្រ​​កម្ពុជា បានចេញព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ គណៈកម្មាធិការដឹកនាំ​ការកែទម្រង់ច្បាប់ ដែលសរសេរជាអក្សរកាត់ថា គ.ក.ច. ជាយន្តការដឹកនាំសម្របសម្រួល និងជំរុញ​ការ​អនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង​ពង្រឹង​និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។

    គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមានភារកិច្ចដូចខាងក្រោម៖

    – ដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់
    – ផ្តួចផ្ដើមនិងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចលើផែនការយុទ្ធសាស្ត និងផែនការសកម្មភាពកែទម្រង់ច្បាប់ ផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល
    – លើកសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចលើប្រព័ន្ធលើកទឹកចិត្តសម្រាប់គាំទ ដល់ការអនុវត្តការងារកែទម្រង់ច្បាប់ ប្រកបដោយគុណភាព សង្គតិភាព និងប្រសិទ្ធភាព
    – រៀបចំគោលការណ៍ណែនាំដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព ក្នុងការតាក់តែង និងផ្តល់ យោបល់លើការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត សំដៅធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព សង្គតិភាព និងភាពសមស្របតាមការវិវត្តនៃសេដ្ឋកិច្ច សង្គម និងដាក់ចេញ សេចក្តីណែនាំនិងវិធានការចាំបាច់នានា សំដៅធានាប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាពនៃការងារក
    ទម្រង់ច្បាប់
    – ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពពាក់ព័ន្ធនឹងការងារ កែទម្រង់ច្បាប់
    – សម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិនានា ដើម្បីជំរុញនិងគាំទ្រដល់ការអនុវត្តការងារកែទម្រង់ច្បាប់
    – ត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល
    – ផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តតាមគ្រប់មធ្យោបាយ
    – ផ្សព្វផ្សាយព័ត៌មានស្តីពីសកម្មភាពនិងសមិទ្ធផលនានានៃការកែទម្រង់ច្បាប់
    – ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារកែទម្រង់ច្បាប់ និងលើកសំណើវិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច
    – អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: