Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ដ្រីសហព័ន្ធគុនខ្មែរ ទទួលស្គាល់ប្រតិកម្មមហាជនរឿង ធន់ រិទ្ធី និង សៃយុគ ប្រកួតដាក់ខ្សែក្រវាត់ស្មើគ្នា ព្រោះជារឿងថ្មី

    BY Khmerpress February 7, 2024
    មន្ដ្រីសហព័ន្ធគុនខ្មែរ ទទួលស្គាល់ប្រតិកម្មមហាជនរឿង ធន់ រិទ្ធី និង សៃយុគ ប្រកួតដាក់ខ្សែក្រវាត់ស្មើគ្នា ព្រោះជារឿងថ្មី

    (ភ្នំពេញ)៖ លោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការស្រាយចម្ងល់មហាជន និងទទួលស្គាល់ចំពោះប្រតិកម្មលើការកាត់សេចក្ដីស្មើគ្នា ក្នុងជំនួបមិត្តភាពអន្ដរជាតិ រវាងអ្នកលេងគុនខ្មែរ ធន់ រិទ្ធី និងកីឡាករថៃ សៃយុគ (Saiyok Pumpanmuang) ថាមិនមែនជារឿងចម្លែក ព្រោះជារឿងថ្មីនៅកម្ពុជា។

    ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីបកស្រាយការយល់ច្រឡំខាងលើ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ដ្រីជាន់ខ្ពស់សហព័ន្ធបានបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ បងប្អូនទស្សនិកជនគាត់មានការប្រតិកម្ម ក៏មិនប្លែកដែរ ព្រោះគាត់អត់ដែលឃើញ ហើយនេះក៏ជាលើកទី១ ហើយ ដែលមានការប្រកួតមិត្តភាព និងដាក់ខ្សែក្រវាត់បែបនេះ»

    លោកបានពន្យល់ថា ជាធម្មតាសហព័ន្ធមានគោលការណ៍ប្រកួត២ ទី១-ប្រកួតលក្ខណៈមិត្តភាព ដែលលទ្ធផល អាចមានឈ្នះ ចាញ់ ឬស្មើ និងទី២-ប្រកួតដណ្ដើមខ្សែក្រវាត់ គឺលទ្ធផល មានតែឈ្នះ និងចាញ់ប៉ុណ្ណោះ។ ករណី ធន់ រិទ្ធី ប៉ះ សៃយុគ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ គឺអនុវត្តតាមគោលការណ៍ទី១ តែដោយសារភាគីទាំងពីរ ចង់ឲ្យការប្រកួតកាន់តែតែទាក់ទាញ ក៏ព្រមព្រៀងដាក់ខ្សែក្រវាត់ តែមិនមែនជាការប្រកួតដណ្ដើមខ្សែក្រវាត់ ដែលត្រូវអនុវត្តតាមគោលការណ៍ទី២ នោះទេ។

    អនុប្រធានទី១ សហព័ន្ធដដែលបន្ដថា «ការប្រកួតមិត្តភាពអន្ដរជាតិ តែភាគីទាំងពីរ មានការឌឺដង និងចង់ឲ្យការប្រកួតកាន់តែធំ កាន់តែទាក់ទាញ ក៏ឈានដល់ការប្រកួតដាក់ខ្សែក្រវាត់ ក្រោមគោលការណ៍ប្រកួតលក្ខណៈមិត្តភាពដដែល មិនមែនប្រកួតដណ្ដើមខ្សែក្រវាត់នោះទេ។ អ៊ីចឹងការប្រកួតលក្ខណៈមិត្តភាព លទ្ធផលមានឈ្នះ ចាញ់ និងស្មើ ផ្ទុយពីការប្រកួតដណ្ដើមខ្សែក្រវាត់ ដែលមានតែលទ្ធផលឈ្នះ និងចាញ់»

    ម្យ៉ាងវិញទៀត នេះគឺជាការប្រកួតប្រជែងតាមលក្ខណៈបច្ចេកទេស ច្បាស់លាស់ និងត្រឹមត្រូវ មិនមែនជាការសម្ដែងដូចមហាជនមួយចំនួនតូចនោះទេ។ ក្រោយចប់ការប្រកួតភាគីទាំងពីរ ពិសេស សៃយុគ ផ្ទាល់ក៏ទទួលស្គាល់លទ្ធផលនេះ។ ចំពោះការផ្លាស់ប្ដូរខ្សែក្រវាត់ក្រោយចប់ការប្រកួតវិញ គឺកើតឡើងដោយការព្រមព្រៀងគ្នា គ្មានការបង្ខិតបង្ខំឡើយ គឺក្នុងន័យរឹងចំណងមិត្តភាព សាមគ្គីភាព រវាងកីឡាករ និងកីឡាករ ក៏ដូចជាប្រទេស និងប្រទេសផងដែរ។

    បែបនេះក្ដីលោក ខូវ ឆាយ បានចាត់ទុកករណីប្រកួតមិត្តភាព ដាក់ខ្សែក្រវាត់នេះ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់សហព័ន្ធយកជាមេរៀន។ បើមានករណីបែបនេះលើកក្រោយ សហព័ន្ធនឹងពន្យល់ឲ្យបានច្បាស់ដល់ភាគីពាក់ព័ន្ធ ពិសេសមហាជន ដើម្បីចៀសវាងការភាន់ច្រឡំ។ លើសពីនេះ សហព័ន្ធក៏នឹងធ្វើការសម្រិតសម្រាំងអាជ្ញាកណ្ដាល-ចៅក្រមកម្រិតខ្ពស់ សម្រាប់កាត់សេចក្ដីការប្រកួតធំៗ នៅគ្រប់សង្វៀន ដើម្បីផ្ដល់នូវតម្លាភាព និងយុត្តិធម៌ ទាំងកីឡាករប្រកួត ហើយអ្នកទស្សនាក៏អាចទទួលយកបានដូចគ្នា។

    គួរដឹងថា ក្រោយសន្លប់ត្រឹមទឹកទី១ ក្រោមថ្វីដៃកីឡាករថៃ សៃយុគ ក្នុងជំនួបលើកទី១ លើសង្វៀន Thai Fight កាលពីខែតុលា ឆ្នាំ២០២២ បានធ្វើឲ្យអ្នកលេងគុនខ្មែរ ធន់ រិទ្ធី មានការមិនអស់ចិត្ត និងប៉ងចង់ជួបសងសឹក ហើយទីបំផុតក៏មានការរៀបចំឲ្យជួបគ្នាជាថ្មី លើទឹកដីសង្កាត់ព្រៃកឯង ខណ្ឌច្បារអំពៅ កាលពីរាត្រីថ្ងៃទី០៤ ខែកុម្ភៈកន្លងទៅ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា បន្ទាប់ពីប្រកួត ៣ទឹកពេញ និងមានការវាយគ្នា រហូតត្រូវអាជ្ញាកណ្ដាលរាប់ដល់៨ ម្ដងម្នាក់ នៅក្នុងទឹកទី៣ ទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: