ច្រើនណាស់! បង្គាចាក់ចាហួយនាំចូលពីវៀតណាមជាង៤តោន ត្រូវបានបង្ក្រាប និងដុតកម្ទេចចោល
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី ក.ប.ប រាជធានីភ្នំពេញ បានបង្ក្រាបការដឹកបង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីចំនួន២៦៦កេស ស្មើនឹង ៤,២៦៨គីឡូក្រាម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ក្រោយបង្ក្រាបបាន កម្លាំងនគរបាល និងមន្រ្តី ក.ប.ប រាជធានីភ្នំពេញ បានយកទៅដុតបំផ្លាញចោលភ្លាមៗផងដែរ។ បើតាមសមត្ថកិច្ច បង្គាចាក់ចាហួយទាំងនេះនាំចូលពីវៀតណាមតាមច្រកព្រែកចាក ខេត្តកំពត។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងមន្រ្តី ក.ប.ប រាជធានីភ្នំពេញ បានអំពាវនាវសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនានា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ដោយឡែកកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបរាល់ការនាំចូលផលិតផលគ្មានគុណភាណ គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាប្រចាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews









