Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រំ សំណាង៖ ឆ្នាំ២០២៤ មិនថាប៉ះដៃគូកម្រិតណា បើមានឱកាសផ្ដាច់នឹងផ្ដាច់ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ

    BY Khmerpress February 9, 2024
    ព្រំ សំណាង៖ ឆ្នាំ២០២៤ មិនថាប៉ះដៃគូកម្រិតណា បើមានឱកាសផ្ដាច់នឹងផ្ដាច់ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ

    (ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានអះអាងថា គ្រប់ការប្រកួតក្នុងឆ្នាំ២០២៤ នេះ ខ្លួននឹងខំប្រឹងឲ្យអស់ពីសមត្ថភាព និងបច្ចេកទេស មិនថាប៉ះដៃគូកម្រិតណាឡើយ ដោយទុកមនោសញ្ចេតនាមួយឡែក ដើម្បីផ្គាប់ចិត្តទស្សនិកជន។

    ការលើកឡើងដូច្នេះ ស្របពេលម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ ត្រៀមជួបកីឡាករជើងខ្លាំងមីយ៉ាន់ម៉ា Yar Man លើសង្វៀនមូលអំបោះឆៅគុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ថោន នាម៉ោង ៧យប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះក៏មានកីឡាករជើងខ្លាំងកម្ពុជា ៤រូប ត្រូវជួបអ្នកលេងឆ្លងដែនមកពី ៤ប្រទេសផ្សេងទៀតផងដែរ។

    ព្រំ សំណាង បន្ដថា ក្រោយចប់ការប្រកួតជើងឯកថ្នាក់ជាតិ បន្ទាប់ពីខកខានប្រកួតមិត្តភាពអន្ដរជាតិជាង ១ខែ ខ្លួនបានត្រៀមជាធម្មតាសម្រាប់ការប្រកួតនានា គ្រាន់តែឆ្នាំ២០២៤ នេះ លោកបានដាក់គោលដៅនឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះ មិនថាឈ្នះដោយពិន្ទុ ឬផ្ដួលគួប្រកួតឲ្យសន្លប់នោះឡើយ។

    កីឡាករវ័យ ៣៨ឆ្នាំរូបនេះបន្ដថា «ពីមុនខ្ញុំប្រកួត ច្រើនវៃដោយមនោសញ្ចេតនា តែឥលូវអត់ទេ ទាល់តែយើងវៃផ្ដាច់ៗបានបងប្អូនទស្សនិកជនគាត់ពេញចិត្ត។ អ៊ីចឹងឆ្នាំនេះ ក៏ដូចជាគ្រប់ការប្រកួត ធ្វើម៉េចវៃឲ្យអស់ពីសមត្ថភាព ទុកមនោសញ្ចេតមួយឡែក បើមានឱកាសផ្ដាច់ គឺផ្ដាច់តែម្ដង មានន័យថា យើងវៃតាមអារម្មណ៍ និងសំណូមពររបស់ពួកគាត់ (ទស្សនិកជន)»

    យ៉ាងណាមិញ សម្រាប់ការជួបកីឡាករ Yar Man យប់នេះ ព្រំ សំណាង ថា រង់ចាំមើលការប្រកួតជាក់ស្ដែងសិន ព្រោះគេក៏ជាជើងខ្លាំងមីយ៉ាន់ម៉ាមួយរូបដែរ ដែលត្រូវបានអ្នកគាំទ្រឲ្យឈ្មោះថា “មនុស្សស្ពាន់” តែស្ពាន់ពិតឬអត់ នឹងដឹងច្បាស់លើសង្វៀន ព្រោះគេក៏ហាត់ខ្លួនក៏ហាត់។ ប៉ុន្ដែបើមានឱកាសផ្ដាច់ ខ្លួននឹងផ្ដាច់ដូចគ្នា តែបើមិនអាចទេ ខ្លួននឹងវៃតាមលក្ខណៈបច្ចេកទេស។

    មុនសម្ពោធសង្វៀនមូល ដែលប្រជុំដោយកីឡាករជើងខ្លាំងជាតិ និងអន្ដរជាតិនេះដែរ លោក ថមមី គីម ប្រធាន IPCC ប្រចាំនៅកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈថា នេះគឺជាសង្វៀនប្រកួតអំបោះឆៅគុនខ្មែរដំបូងគេបង្អស់នៅកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងសំខាន់ពីរ ទី១-ដើរឲ្យទាន់សម័យកាលថ្មី ដែលបង្ហាថា គុនខ្មែរមានគ្រប់ទម្រង់ និងទី២-ការដាក់បញ្ចូលនូវក្បាច់គុនចម្រុះ និងគុនល្បុក្កតោ រួមគ្នាជាក្បាច់គុនខ្មែរតែមួយ ដែលបង្ហាញថា គុនខ្មែរគ្រប់រចនាបថទាំងអស់។

    សម្រាប់គូប្រកួតមិត្តភាពអន្ដរជាតិលើសង្វៀនថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ថោននេះដែរ ក្រៅពីគូឯក ព្រំ សំណាង ប៉ះ Yar Man គឺមានកីឡាករ ពេជ្រ សម្បត្តិ ជួបកីឡាករថៃ Makralek Sit Parang, ភក្ដី គុនខ្មែរ ជួបអ្នកលេងឆ្លងដែនមកពីរុស្ស៊ី Happy Serg, ពេជ្រ ប៊ុនសិដ្ឋ ជួបកីឡាករហ្វីលីពីន Romed JR. Tenorio និងកីឡាករ ស៊ន រ៉ាគីម ជួបកីឡាករឥណ្ឌូនេស៊ី Arsy Ahmad៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: