ព័ត៌មានជាតិ

ក្រសួងវប្បធម៌៖ ការតែងនិពន្ធដែលមិនមានក្រមសីលធម៌ ក្រសួងនឹងកោះហៅអ្នកនិពន្ធ និងអ្នកសម្តែងមកធ្វើការអប់រំណែនាំ

BY
Khmerpress
February 13, 2024
ក្រសួងវប្បធម៌៖ ការតែងនិពន្ធដែលមិនមានក្រមសីលធម៌ ក្រសួងនឹងកោះហៅអ្នកនិពន្ធ និងអ្នកសម្តែងមកធ្វើការអប់រំណែនាំ

(ភ្នំពេញ)៖ មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងថា ករណីដែលការតែងនិពន្ធដែលមិនមានក្រមសីលធម៌ ក្រសួងនឹងកោះហៅអ្នកនិពន្ធ និងអ្នកសម្តែងមកធ្វើការអប់រំណែនាំ។

ការថ្លែងរបស់មន្ត្រីក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ អ្នកសិល្បៈមួយ ដែលជាតារាកំប្លែង បានច្រៀង និងផលិតវីដេអូចម្រៀង ដើម្បីផ្សព្វផ្សាយឲ្យមហាជនលេងល្បែងអនឡាញ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីនេះ ខ្ញុំសូមជម្រាបជូនថា ក្រសួងពុំមានគោលការណ៍ត្រួតពិនិត្យលើការតែងនិពន្ធបទចម្រៀងនោះ នេះជាគោលការណ៍នៃការគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ ករណីដែលការតែងនិពន្ធដែលមិនមានក្រមសីលធម៌ ក្រសួងនឹងកោះហៅអ្នកនិពន្ធ និងអ្នកសម្តែងមកធ្វើការអប់រំណែនាំ»

ជាមួយនេះ លោក ប៉ុក បូរក្ស បានបន្តថា លោកក៏បានពិនិត្យឃើញថា មកដល់ពេលនេះវីដេអូចម្រៀងនោះ បានលុបចេញពីប្រព័ន្ធផ្សព្វផ្សាយ ហើយសិល្បករ ដែលសម្តែងក៏បានចេញវីដេអូសុំទោសហើយដែរ។

ស្របពេលជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងបញ្ហាអ្នកសិល្បៈ សមាគមសិល្បករខ្មែរ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសមិនគាំទ្រអ្នកសិល្បៈរូបណា ដែលប្រើឈ្មោះជាសិល្បករ ហើយទៅប្រព្រឹត្តរឿងមិនគប្បីនោះឡើយ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមការពារមុខមាត់ កិត្តិយសសេចក្ដីថ្លៃថ្នូរសម្រាប់បងប្អូនសិល្បករសិល្បការិនីទូទៅ ជាពិសេសដើម្បីចូលរួមការពារគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើង សមាគមសូមមិនគាំទ្រជាដាច់ខាតចំពោះបងប្អូនសិល្បករណា ឬបុគ្គលណា ប្រើឈ្មោះជាសិល្បករ ហើយទៅប្រព្រឹត្តរឿងមិនគប្បីនោះឡើយ»

ជាមួយគ្នានេះដែរ លោកបណ្ឌិត គិន ភា អ្នកតាមដានបញ្ហាសង្គម បានលើកឡើងថា បទថ្មីរបស់ នាយគ្រឿន ជាសញ្ញាប្រកាសអាសន្ន ខាងផ្នែកសីលធម៌សង្គម។

លោកបានបញ្ជាក់ថា «សិល្បៈជាកញ្ចក់សង្គម, តើសង្គមយើងមានទម្រង់ដូចអ្នកសិល្បៈក្រុមនេះសម្តែងឬ? តើការផ្សាយពាណិជ្ជកម្មលើកទឹកចិត្តឱ្យប្រជាជនលេងល្បែងជាអំពើខុសច្បាប់ដែរឬទេ? បើមិនខុសច្បាប់, តើវាខុសខាងផ្នែកសីលធម៌ដែរឬទេ?»

ចំណែកឯលោកបណ្ឌិត យង់ ពៅ អ្នកតាមដានបញ្ហាសង្គមមួយរូបទៀត ក៏បានប្រតិកម្មនឹងបទចម្រៀង ផ្សាយពីល្បែងអនឡាញរបស់នាយគ្រឿន។ លោកថ្លែងថា ការលេងល្បែង មិនអាចក្លាយជាអ្នកមានបានទេ តែវានាំទៅរកក្តីវិនាសវិញមិនខាន។

លោកបានបញ្ជាក់ថា «បើលេងល្បែងក្លាយជាអ្នកមាន អាម៉េរិក និងចិន ឈប់ប្រជែងគ្នាហើយ»

សូមជម្រាបថា ដោយសារប្រតិកម្មខ្លាំងៗពីអ្នកជំនាញ និងមហាជនផងនោះ នាយគ្រឿងបានចេញវីដេអូសុំទោសជាសាធារណៈ និងសម្រេចលុបបទចម្រៀង ផ្សាយពីល្បែងអនឡាញនោះ ចេញពីបណ្តាញសង្គមវិញហើយ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: