ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២៣ ក្រសួងការងារបានផ្តល់ឱកាសការងារ និងគាំពារពលករកម្ពុជាធ្វើការនៅក្រៅប្រទេសជាង១,៣លាននាក់

BY
Khmerpress
February 13, 2024
ក្នុងឆ្នាំ២០២៣ ក្រសួងការងារបានផ្តល់ឱកាសការងារ និងគាំពារពលករកម្ពុជាធ្វើការនៅក្រៅប្រទេសជាង១,៣លាននាក់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ក្រសួងការងារបានផ្តល់ឱកាសការងារ និងគាំពារដល់ពលករកម្ពុជាដែលបម្រើការងារនៅក្រៅប្រទេសបានចំនួនជាង១,៣លាននាក់ ក្នុងឆ្នាំ ២០២៣ ហើយជាមធ្យម ពលករកម្ពុជាបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញប្រមាណជិត៣ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសរាយការណ៍ជាសង្ខេបអំពីលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣របស់ក្រសួងក្នុងពិធីបិទសន្និបាតនេះ ឯកឧត្តម ហេង សួរ ថ្លែងថា៖ «[ក្រសួង] បានផ្តល់ឱកាសការងារ និងគាំពារដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសបានចំនួនជាង១ ៣៥៦ ០០០ នាក់ ក្នុងនោះប្រទេសថៃមានចំនួនប្រមាណ ១,២លាននាក់, កូរ៉េ៥ម៉ឺននាក់, ជប៉ុន២ម៉ឺននាក់, ម៉ាឡេស៊ី២២ ០០០នាក់, សិង្ហបុរីជាង៨០០ នាក់, តំបន់រដ្ឋបាលពិសេសហុងកុងជាង២០០នាក់, និងអារ៉ាប៊ីសាអូឌីត៦៤នាក់ ហើយដែលជាមធ្យមពលករបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញក្នុង១ឆ្នាំប្រមាណជា២,៩ប៊ីលានដុល្លារអាមេរិកផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ក្នុងឆ្នាំ២០២៤ ក្រសួងក៏បានដាក់ចេញទិសដៅបន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពដែលធ្វើឱ្យភាគីទាំង៥សប្បាយចិត្ត គឺពលករទេសន្តប្រវេសន៍ក៏ត្រូវសប្បាយចិត្ត និយោជក ប្រទេសទទួលពលករក៏ត្រូវសប្បាយចិត្ត ក្រុមគ្រួសារពលករដែលធ្វើចំណាកស្រុកក៏សប្បាយចិត្ត អ្នកសម្របសម្រួលទាំងនៅក្នុងប្រទេសបញ្ជូន និងប្រទេសគោលដៅក៏សប្បាយចិត្ត រីឯរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺប្រទេសទទួល និងប្រទេសបញ្ជូនក៏សប្បាយចិត្ត។

ឯកឧត្តម ហេង សួរ បញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៤ ក្រសួងក៏បានដាក់ចេញទិសដៅបន្តពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និងអង្គការវិជ្ជាជីវៈទាំងកម្រិតទ្វេភាគី ពហុភាគី ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ដោយឡែក ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះគឺចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញយុទ្ធសាស្ត្រពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ដើម្បីការពារសិទ្ធ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍កម្ពុជា ក៏ដូចជាជនបរទេសដែលធ្វើការដោយស្របច្បាប់នៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុពន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន។

ឯកឧត្តម ហេង សួរ ធ្លាប់បានលើកឡើងក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ថា ការពង្រាយ និងពង្រីកអនុពន្ធការងារនេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្តថា ក្នុងអាណ្តតិទី៧នេះ ផ្នែកទេសន្តរប្រវេសន៍ បានក្លាយជាកម្មវិធីដ៏សំខាន់និងជាអាទិភាពសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ និងគាំពារសិទ្ធិពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ដូចជាជនបរទេសដែលធ្វើការនៅកម្ពុជា៕ ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: