ព័ត៌មានជាតិ

ខែដំបូង ពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ ​មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ កើនឡើងជិត១៧% ខណៈការនាំចេញរបស់កម្ពុជាជិត ២ពាន់លានដុល្លារកើន ២៧%

BY
Khmerpress
February 13, 2024
ខែដំបូង ពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ ​មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ កើនឡើងជិត១៧% ខណៈការនាំចេញរបស់កម្ពុជាជិត ២ពាន់លានដុល្លារកើន ២៧%

(ភ្នំពេញ)៖ មួយខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ កើនឡើង ២៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនឡើងជិត ១៧%។ នេះ​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្ននេះដដែលនេះបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាដៃគូសំខាន់ មានទំហំទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ១​ ៩៦៧​ លានដុល្លារ កើនឡើង២៧% ស្របពេលការនាំចូលមកវិញមានតម្លៃប្រមាណ ២​ ០៩០លានដុល្លារ កើនឡើង ៨.៧%។

​ដៃគូពាណិជ្ជកម្មសំខាន់ៗ​របស់កម្ពុជា គឺចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ១.១ពាន់លានដុល្លារ កើនឡើង ១៨.៧% ដោយកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ ១២១លានដុល្លារ កើនឡើង ៥០.១% ខណៈចិននាំចូលវិញក្នុងតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង១៥.១%។

ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានតំហំជាង ៦៧៧លានដុល្លារ កើនឡើង៤១.៥% ​ដោយកម្ពុជានាំចេញទៅវៀតណាម ក្នុងតម្លៃ៣៧៣លានដុល្លារ កើនឡើង ១១៦.៦% ខណៈវៀតណាមនាំចូលវិញក្នុងតម្លៃជាង ៣០៤លានដុល្លារ ថយចុះ​០.៦%។

ចំណែក ការនាំចេញនាំចូលរវាងកម្ពុជា និងសហរដ្ឋអាមេរិកវិញ មានទំហំជាង ៦៤៤លានដុល្លារ កើនឡើង១០.៨% ដោយកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៦២៦លានដុល្លារ កើនឡើង ១១.៤% ខណៈសហរដ្ឋអាមេរិកនាំចូលវិញក្នុងតម្លៃជាង ១៧​លានដុល្លារ ថយចុះ៨%។

រួមនឹងប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗដទៃទៀត ដូចជាថៃ ជប៉ុន ឥណ្ឌូនេស៊ី កាណាដា សិង្ហបុរី អេស្ប៉ាញ ជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: