ព័ត៌មានជាតិ February 15, 2024

លោកតា សេង ស៊ន់ និងលោកតា ឡៃ ឡន ទោះវ័យចំណាស់ទៅហើយក៏នៅតែមានឆន្ទៈជួសជុលថែទាំប្រាសាទនៅតំបន់អង្គរឱ្យស្ថិតស្ថិរតដល់ចៅៗជំនាន់ក្រោយ

Naren

(សៀមរាប)៖ ជាកម្មករជួសជុលប្រាសាទផង និងជាអ្នកស្រុកអង្គរផងនោះ ប៉ុន្តែលោកតាៗវ័យចំណាស់មួយចំនួននៅតែមានឆន្ទៈចង់ជួយជួសជុលថែទាំប្រាសាទរបស់ដូនតាបុព្វបុរសខ្មែរនៅតំបន់អង្គរ ដើម្បីជួយឱ្យសំណង់ស្ថាបត្យកម្មដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនោះនៅស្ថិតស្ថិរគង់វង្សតដល់ចៅៗជំនាន់ក្រោយៗ និងបានយូរអង្វែងតទៅមុខទៀត។

បច្ចុប្បន្ន លោកតា សេង ស៊ន់ មានអាយុ៦៩ឆ្នាំហើយ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល ដោយលោកតាបានចូលរួមការងារក្នុងតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀម។ លោកតា ស៊ន់ បានបង្ហាញក្តីរំភើបថា លោកតាមិនខ្ចិលឡើយចំពោះការងារជួសជុលប្រាសាទ។ លោកតាចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមកចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។

ប្រសាសន៍មួយឃ្លាដ៏មុះមុតរបស់លោកតា គឺ «ប្រសិនបើតានៅតែមានសុខភាពល្អ គឺតានឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត»។

គួរជម្រាបថា ប្រាសាទតាព្រហ្មកិល គឺជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរ ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។នេះបើតាមលោកតា សេង ស៊ន់។

លោកតា សេង ស៊ន់ បានបន្តថា ប៉ុន្តែពេលនេះ ប្រាសាទតាព្រហ្មកិលបានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណក៏បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។

ជាអ្នកស្រុកមួយរូបទៀត លោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកតាពិតជាសប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកតាយល់ថា ការជួសជុលឡើងវិញនេះនឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់យូរអង្វែង។ ថ្វីដ្បិតតែការងារជួសជុលអភិរក្ស និងថែរក្សាប្រាសាទបុរាណឱ្យបានរឹងមាំគង់នៅយូរអង្វែងបន្តទៅទៀត គឺជាតួនាទីនិងកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក៏ប៉ុន្តែនៅក្នុងនោះក៏ត្រូវការប្រជាពលរដ្ឋជាច្រើនបានចូលរួមនៅក្នុងការងារជាច្រើនផ្នែកដែរ។

លោកតា សេង ស៊ន់ និងលោកតា ឡៃ ឡន សំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងឡាយសូមជួយចូលរួមថែរក្សា អភិរក្សប្រាសាទបុរាណរបស់ដូនតាខ្មែរ តាមគ្រប់រូបភាព ចៀសវាងការប្រើសកម្មភាពណាមួយមិនសមរម្យចំពោះប្រាង្គប្រាសាទ នាំឱ្យខូចខាតដល់ថ្មប្រាសាទ និងធ្វើឱ្យបាត់បង់តម្លៃរបស់សម្បត្តិបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News