Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឆ្លើយតបចំពោះការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ ដែលលើកឡើងដោយស្ថានទូតរុស្ស៉ី, ស្នើអ្នករងគ្រោះពិតប្រាកដដាក់ពាក្យបណ្ដឹង មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    BY Naren February 17, 2024
    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឆ្លើយតបចំពោះការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ ដែលលើកឡើងដោយស្ថានទូតរុស្ស៉ី, ស្នើអ្នករងគ្រោះពិតប្រាកដដាក់ពាក្យបណ្ដឹង មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមកឆ្លើយតបចំពោះការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ ដែលបានលើកឡើងដោយស្ថានទូតរុស្ស៉ី ប្រចាំនៅប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន។

    ក្រោយឃើញការចុះផ្សាយរបស់ស្ថានទូតរុស្ស៉ីបែបនេះ ហើយត្រូវបានយកមកផ្សព្វផ្សាយបន្តតាមបណ្តាញសង្គម, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធអ្វីដែលស្ថានទូតរុស្ស៉ីបានលើកឡើង។ ប៉ុន្ដែក្នុងកិច្ចប្រជុំនោះ មិនមានរបាយការណ៍ណាមួយបង្ហាញថា មានប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់ រងគ្រោះដោយសារអំពើចោរកម្ម ដែលកើតឡើងនៅរាជធានីភ្នំពេញនោះ។

    អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា បច្ចុប្បន្នស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងរាជធានីភ្នំពេញ មិនដូចអ្វីដែលស្ថានទូតរុស្ស៉ីព្រួយបារម្ភ រហូតដល់ថ្នាក់អំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួនព្រួយបារម្ភនោះឡើយ ពោលកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់នៅរាជធានីភ្នំពេញ ខិតខំប្រឹងប្រែងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

    លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអធិការខណ្ឌទាំង១៤ និងការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីឆែកព័ត៌មាននេះ គឺយើងអត់ទទួលព័ត៌មាន ឬសភាពការណ៍ ចូលរួមប្ដឹងរបស់គាត់នោះ។ យើងសំណូមពរឲ្យពួកគាត់ចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំ»។

    ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវដល់ជនរងគ្រោះពិតប្រាកដ ចូលរួមសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈការដាក់ពាក្យបណ្ដឹងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ឬមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអន្ដរាគមន៍ឆ្លើយតបបន្ទាន់ភ្លាមៗ ខណៈកម្លាំងជំនាញស្វាគមន៍ដោយរីករាយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: