ព័ត៌មានជាតិ February 22, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិតមនុស្ស

Naren

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស ក្នុងន័យនេះសម្តេចលើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិត
មនុស្ស។​

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ អនុវិទ្យាល័យ សាលាបឋសិក្សា និង មណ្ឌលសុខភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំតែងតែនិយាយថាលោកគ្រូអ្នកគ្រូពេទ្យ ជាអ្នកធ្វើការងារមួយចំនួនរបស់ទេវតា ហេតុអី? បើអ្នកទៅបន់ស្រន់ភាគច្រើន ខ្ញុំឃើញតែពីរទេធំៗ គឺទី១ បន់ឱ្យសុខភាពល្អ អាយុយឺនយូរ បន់ឱ្យម្តាយឪពុកដែលឈឺឱ្យជា ទី២ សុំឱ្យរកស៉ីមានបាន អីចឹងទេវតាអាចផ្តល់បាន ប៉ុន្តែវិធីសាស្ត្រធ្វើជាក់ស្តែងមានតែលោកគ្រូអ្នកគ្រូពេទ្យ […] ពេទ្យមិនមែនទេវតា តែធ្វើការងាររបស់ទេទេវតា អីចឹងការភារកិច្ច និងការខិតខំរបស់លោកគ្រូអ្នកគ្រូ ដែលចាត់ទុកថាជាសេនាឱ្យទេវតា ធ្វើការងារទេវតា នេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ អីចឹងសុខភាព ទៅរកគ្រូពេទ្យ សមត្ថភាព ចំណេះដឹង ដើម្បីជោគជ័យ ក្នុងការងារ គឺរកគ្រូបង្រៀន»។

សម្តេចសង្កត់ធ្ងន់ថា «លោកគ្រូអ្នកគ្រូទាំងអស់ទូទាំងប្រទេស ខ្ញុំសូមលើកទឹកចិត្តដែលទទួលជ័យលាភី ឬមិនជ័យលាភី សូមលោកគ្រូអ្នកគ្រូបន្តកិច្ចការទេវតានេះ ដើម្បីជួយប្រទេសជាតិ និងប្រជាជនយើង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើងបង្រៀនទទួលបានជោគជ័យ មនុស្សដែលយើងព្យាបាល បានជាសះស្បើយជួបជុំគ្រួសារនោះទេ។
សម្តេចធិបតី បានជំពាវនាវដល់បណ្តាលោកគ្រូ អ្នកគ្រូពេទ្យ គណៈគ្រប់គ្រងពេទ្យ បុគ្គលិកពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារទេវតាឱ្យបានល្អ ដើម្បីទទួលបានការពេញចិត្ត ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​​​​​​៕ ផ្តល់សិទ្ធិដោយ៖ freshnews