ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ចំណាយថវិកាប្រមាណ ៤០លានដុល្លារ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តអំពាវនាវឱ្យមានការបរិច្ចាគច្រើនបន្ថែមទៀត
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប បានចំណាយថវិកាសរុបប្រមាណ ៤០.៧១ លានដុល្លារ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។
នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា ទទួលអ្នកជំងឺកុមារមកពិគ្រោះ និងព្យាបាលនៅផ្នែកចំនួន ៨៩៩ ៦៩២ ករណី, កុមារបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥ នាក់, ស្រ្តីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ចំនួន ១០៨ ៧១៩ ករណី និងសម្រាលកូនបានចំនួន ២១ ៦៤៤ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ១៦ ១៦០ នាក់, វះកាត់សរុបចំនួន ២៧ ៧០០ នាក់, កុមារមានជំងឺបេះដូងពីកំណើតត្រូវបានវះកាត់បេះដូង និងអន្តរាគមន៍ឆ្លុះភ្ជិតសរសៃបេះដូងចំនួន ៩៤៩នាក់។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា វឌ្ឍនភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ និងសកម្មភាពផ្សព្វផ្សាយ និងទិសដៅបន្តក្នុងការកៀរគរការបរិច្ចាគមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងបន្តការខិតខំអំពាវនាវ ដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត, ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅ ជូនដល់គ្រប់ក្រសួងស្ថាប័ន ក្រុមហ៊ុន និងសាធារណៈទាំងអស់ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារៈបរិក្ខារនានាជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា និងបានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង បំពេញការងាររបស់មូលនិធិគន្ធបុប្ឋាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ឋា ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញការងារ ប្រកបដោយវិជ្ជាជីៈវខ្ពស់ដើម្បីពិនិត្យ ព្យាបាល និងសង្រ្គោះ កុមារកម្ពុជារាប់លាននាក់រហូតមកដល់បច្ចុប្បន្ននេះ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បន្តអំពាវនាវឱ្យមានការបរិច្ចាគច្រើនបន្ថែមទៀត និងបានលើកទឹកចិត្តមូលនិធិគន្ធបុប្ឋាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារដ៏មានសារៈសំខាន់នេះថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍមូលធនមនុស្ស ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសកម្ពុជា ស្របតាមពាក្យស្លោក«ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។
ការចូលរួមបរិច្ចាគ និងការលើកស្ទួយស្មារតី «ខ្មែរជួយខ្មែរ» ឱ្យបានកាន់តែទូលំទូលាយ នឹងមិនត្រឹមតែជួយសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់នោះទេ ថែមទាំងបង្កើនស្មារតីសាមគ្គីភាពក្នុងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ ក្រោមម្លប់នៃសុខសន្តិភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews