ព័ត៌មានជាតិ February 23, 2024

យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅខេត្តព្រះសីហនុ! យានយន្ត៥៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅយប់មិញ

Naren

(ព្រះសីហនុ)៖ មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី២២ ខែកុម្ភៈ នៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៥៥១គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៥៥១គ្រឿង ម៉ូតូ និងPassapp ចំនួន ២១៧គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន១៨នាក់ រកឃើញ៦នាក់ ក្នុងនោះចិនម្នាក់ (អប់រំ ណែនាំ៣នាក់ និងផាកពិន័យតាមគោលការណ៍៣នាក់)។
*ទី២៖ ធ្វើតេស្តរកសារធាតុញៀន២នាក់ (អវិជ្ជមាន)
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន១៦៨គ្រឿង (គ្មានអាវុធឆ្លងកាត់)។
*ទី៤៖ ឃាត់រក្សាទុករថយន្ត៣គ្រឿង និងម៉ូតូ៤គ្រឿង។
*ទី៥៖ ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួក សុវត្ថិភាពចំនួន២នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី៦៖ អប់រំនៅនឹងកន្លែង៥នាក់។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕ ផ្តល់សិទ្ធិដោយ៖ freshnews