Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមានទុនវិនិយោគប្រមាណ ៦៥០លានដុល្លារអាមេរិក នៅកម្ពុជា

    BY Khmerpress February 26, 2024
    ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមានទុនវិនិយោគប្រមាណ ៦៥០លានដុល្លារអាមេរិក នៅកម្ពុជា

    ក្រុងប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមាន ទុនវិនិយោគប្រមាណ៦៥០លានដុល្លារអាមេរិក ក្រោយឃើញពីសក្តានុពលវិនិយោគ នៅកម្ពុជា ដែលនឹងផ្តល់ឱកាសការងារជាច្រើនពាន់កន្លែងជូនប្រជាពលរដ្ឋ។

    ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់ សេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងប៉ោយប៉ែត ដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Minebea Cambodia បានសម្រេចចិត្តក្នុងការ ពង្រីកគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ការសម្រេចចិត្តក្នុងការបង្កើត រោងចក្រទី២របស់ខ្លួន នៅខេត្តពោធិ៍សាត់ ដែលមានផ្ទៃដីទំហំចំនួនប្រហែល៥០ហិកតា ដោយសារក្រុមហ៊ុនទទួលបានលទ្ធផលល្អក្នុងដំណើរការអាជីវកម្មរបស់ខ្លួន តាំងពីសម្រេច ដាក់ទុនវិនិយោគដំបូងនៅអំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីក ខ្សែច្រវាក់ផលិតកម្ម របស់ខ្លួនជាបន្តបន្ទាប់។

    « ថ្មីៗនេះសូមជម្រាបផងដែរថា ក្រុមហ៊ុន Minebea Cambodia ដែលមាន រោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ បានសម្រេចចិត្តបង្កើតរោងចក្រទី២ នៅខេត្តពោធិ៍សាត់ គាត់នឹងទិញដីចំនួន៥០ហិកតា ដាក់ទុនវិនិយោគប្រហែល៦៥០លាន ដុល្លារអាមេរិក ពីពេលនេះរហូតដល់ឆ្នាំ២០៣០ បង្កើតការងារបាន៨ពាន់កន្លែង នៅMinebea ពោធិ៍សាត់។ យើងបានរៀបចំហើយតំបន់ហ្នឹង ដោយសារនៅពោធិ៍សាត់ហ្នឹង យើងក៏មានថាមពលស្អាត មានសូឡាហ្វាម យើងមានវារីអគ្គិសនី។ល។ អ៊ីចឹងគាត់សម្រេច ចិត្តខាងនោះវាជិតដែរ ភ្នំពេញនៅដដែលប៉ុន្តែបន្ថែមមួយទៀត ចេញចូលទៅថៃបានលឿន តាមផ្លូវជាតិលេខ៥របស់យើង ដែលយើងបានពង្រីកពី២គន្លងទៅ៤គន្លងហើយ ហើយបើ ដោះស្រាយបញ្ហាច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន បានលឿនទៀត យើងអូស ទាញថែមទៀតអ្នកវិនិយោគ គឺថៃបូក១ វៀតណាមបូក១ យើងធ្វើទៅវិញទៅមក ដើម្បីផ្តល់ ការងារឱ្យខ្មែរយើងធ្វើ »។

    សូមជម្រាបថា ការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ។

    ក្រុមហ៊ុន Minebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៩១១នាក់ ដោយក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: