អគ្គិសនីកម្ពុជា ប្រកាសពីការជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់ចរន្តអគ្គិសនី ជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី សម្រាប់ការប្រារព្ធពិធីបុណ្យទានផ្សេងៗ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹង ស្តីពីការជួយសម្រួលដល់តម្រូវការប្រើប្រាស់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ន ក្នុងរយៈពេលខ្លី សម្រាប់ការប្រារព្ធពិធីផ្សេងៗ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមសេចក្ដីជូនដំណឹង, ដើម្បីជួយសម្រួលដល់ការចាំបាច់របស់អតិថិជន ក្នុងការប្រារព្ធពិធីផ្សេងៗនៅតាមគេហដ្ឋាន ដែលមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកម្លាំងធំ ក្នុងរយៈពេលខ្លី អគ្គិសនីកម្ពុជា អាចផ្ដល់ការអនុញ្ញាត ជូនតាមសំណើររបស់អតិថិជនរហូតដល់ 3ph x 100A ឬ 70kVA (បន្តចេញពីខ្សែបណ្តាញចែកចាយសាធារណៈ) សម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្នមិនលើស១សប្តាហ៍ ដោយតម្រូវឱ្យអតិថិជនសហការអនុវត្តដូចខាងក្រោម៖
១៖ អតិថិជនត្រូវដាក់ពាក្យស្នើសុំតាម EDC App ឬនៅតាមបណ្តាទីតាំងសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំងមានតម្រូវការប្រើប្រាស់ ឱ្យបានយ៉ាងតិច ១៥ថ្ងៃ មុនពេលមានតម្រូវការប្រើប្រាស់លើកលែងតែក្នុងពិធីបុណ្យសព អាចដាក់ពាក្យភ្លាមៗបាន។ ព័ត៌មានលម្អិតអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ នៅលើវិក្កយបត្រអគ្គិសនី។
២៖ ថ្លៃថាមពលប្រើប្រាស់ក្នុងអំឡុងពេលប្រារព្ធពិធី ត្រូវកត់ត្រាបញ្ចូលក្នុងវិក្កយបត្រអគ្គិសនី យកតាមអត្រាថ្លៃថាមពលអគ្គិសនីប្រចាំខែ។
៣៖ ការចំណាយលើការដំឡើងនាឡិកាស្ទង់ ឌីសុងទ័រ និងបរិក្ខាផ្សេងៗ សម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធី និងការប្រចាំការថែរក្សាចរន្ត ជាបន្ទុករបស់អគ្គិសនីកម្ពុជា លើកលែងតែខ្សែបណ្តាញ និងសម្ភារបរិក្ខារអគ្គិសនី ចាប់ពីក្រោមឌីសុងទ័ររបស់អគ្គិសនីកម្ពុជា ជាបន្ទុករបស់អតិថិជន៕ ផ្តល់សិទ្ធិដោយ៖ freshnews

