រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បំភ្លឺថា កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការឈរជើងយាមជាប្រចាំ មិនមែនជាកោះរបស់វៀតណាមទេ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបំភ្លឺថា កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ មិនមែនជាកោះរបស់វៀតណាមទេ។
នាពេលថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រទះឃើញនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា * កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូន សាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា៖ កោះអាចម៍សេះ គឺ ជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ដោយ មានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក -ប៉ុស្តិ៍កោះអាចម៍សេះ ឈរជើងយាមនៅទីនោះ និងមាន ភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ។
ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាធារណជនជាតិនិង អន្តរជាតិ និងជនរួមជាតិទាំងអស់ជ្រាបថា ផែនទី Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែ បន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ ហើយផែនទីនេះបង្កើតឡើងសម្រាប់តែគោលដៅពាណិជ្ជកម្មរបស់ខ្លួនតែ ប៉ុណ្ណោះ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើកិច្ចការបន្តជាមួយក្រុមហ៊ុន Google ចំពោះ ករណីនេះ ។
អាស្រ័យហេតុនេះ សូមជូនសាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងអស់ ជ្រាបជាព័ត៌មាន តាមការគួរ និងចែកចាយសេចក្តីបំភ្លឺនេះ ឱ្យបានទូលំទូលាយដើម្បីឱ្យមហាជនបានយល់ជ្រួតជ្រាបអំពីការពិត លើបញ្ហានេះ ៕


