Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ជួយដោះស្រាយបញ្ហាតម្លៃ និងកង្វះទីផ្សាររបស់កសិករ

    BY Naren February 28, 2024
    សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ជួយដោះស្រាយបញ្ហាតម្លៃ និងកង្វះទីផ្សាររបស់កសិករ

    (ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ (Paddy App) គឺជាគន្លឹះមួយនៃការដោះស្រាយបញ្ហាតម្លៃ និងទីផ្សារស្រូវជូនដល់ប្រជាកសិករនៅកម្ពុជា។

    សហព័ន្ធស្រូវអង្ករកម្ពុជា នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការ និងដាក់ឱ្យដំណើរការនូវកម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាក់លក់ស្រូវតាមប្រព័ន្ធឌីជីថល។

    ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ពិតជាមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសគឺកសិករ ដោយសារ App នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្គូផ្គង ឬជាកន្លែងជួបគ្នារវាងកសិករ និងម្ចាស់រោងម៉ាស៊ីនទិញស្រូវ។

    លោកបន្តថា App នេះ នឹងផ្តោតសំខាន់ទៅលើការទិញលក់តែស្រូវ និងអង្ករតែប៉ុណ្ណោះ ហើយតាមរយៈ App នេះ នឹងធ្វើបច្ចុប្បន្នភាពនូវតម្លៃស្រូវជានិច្ច ដែលនឹងផ្តល់ភាពងាយស្រួលអ្នកដែលស្វែងរកទិញស្រូវពីកសិករ។

    លោកបន្ថែមថា ស្របពេលកសិករនៅមានកម្រិតលើការប្រើប្រាស់បច្ចេកវិទ្យា សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការជាមួយក្រសួងកសិកម្ម ដើម្បីឱ្យនិស្សិតស្ម័គ្រចិត្ត និងនិស្សិតដែលបានប្រឡងជាប់ជាមន្រ្តីកសិកម្មបម្រើការងារនៅតាមឃុំនីមួយៗ ចូលរួមក្នុងការជួយដល់កសិករឱ្យចេះប្រើប្រាស់ App នេះឱ្យកាន់តែច្បាស់។

    លោក មាជ សារូ ប្រធានសហគមន៍អភិវឌ្ឍន៍ស្រុកយើង មកពីខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការបង្កើត App ដើម្បីឱ្យកសិករអាចដាក់លក់ផលិតផលបាន គឺជាពិតជាមានសារៈសំខាន់ណាស់ ព្រោះបច្ចុប្បន្ននេះ គឺជាសម័យឌីជីថល ដែលគួរតែមានការជំរុញការលក់ផលិតផលតាមប្រព័ន្ធ អេឡិចត្រូនិច។ លោកថា ប្រសិនបើដាក់លក់តែតាមទីផ្សារតែមួយ នឹងលក់មិនទាន់គេនោះទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: