ព័ត៌មានជាតិ March 1, 2024

រថយន្ដដឹកលើសទម្ងន់ចំនួន ៥គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក ១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

Khmerpress

រាជធានីភ្នពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នា២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ០៥គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (៣គ្រឿង) និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(២គ្រឿង)។

ក្រសួងសាធារណការ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៣គ្រឿង នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និង ២គ្រឿង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

រថយន្តល្មើសខាងលើ បានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT