ក្រុមហ៊ុនអូស្ត្រាលី ចង់វិនិយោគបង្កើតមជ្ឈមណ្ឌល ផ្តល់សេវាកម្មគាំទ្រការធ្វើធុរកិច្ចនៅកម្ពុជា
(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី បានបង្ហាញបំណងវិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រការធ្វើធុរកិច្ចនៅកម្ពុជា។
បំណងនេះត្រូវបានលើកឡើងដោយលោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោក Arj Samarakoon បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតី អំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន Plus94 Fund ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥, ០០០នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្មជាដើម។
លោកនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើការបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រការធ្វើ ធុរកិច្ចនៅកម្ពុជាផងដែរ។ លោកនាយកប្រតិបត្តិ ក៏បានជម្រាបបន្ថែមទៀតថា ក្រោយដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន កាលពីឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ក្រុមហ៊ុនបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា ដែលមានដូចជា ភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន Plus 94 Fund ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគលើការការបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រការធ្វើធុរកិច្ច។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុន អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ទន្ទឹមនឹងនោះសម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីសក្ដានុពលនៃកម្លាំងពលកម្មរបស់កម្ពុជា ដោយកម្ពុជា បានដាក់ចេញគោលនយោបាយ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ប្រមាណ ១លាន ៥សែននាក់ សំដៅលើកកម្ពស់គុណភាព សមត្ថភាព និងផលិតភាពនៃពលកម្មរបស់កម្ពុជា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ទីផ្សារ និងវិនិយោគិន។
សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួល និងគាំទ្រ និងរៀបចំផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews






