៤ខែ ឆ្នាំ២០២៤ កំពង់ផែព្រះសីហនុ រកចំណូលបានជាង៣៥លានដុល្លារ កើនឡើង២៤.៤០ភាគរយ
(ព្រះសីហនុ)៖ ទំនិញនាំចូល និងនាំចេញជាង៣លានតោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទទួលបានចំណូលទឹកប្រាក់សរុបចំនួនប្រមាណជាង៣៥លានដុល្លារ សម្រាប់៤ខែដើម ឆ្នាំ២០២៤។

លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ បានឲ្យដឹងថា ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦៥៦៦តោន រយៈពេល៤ខែ ឆ្នាំ២០២៤ កើនឡើង ២៦.៩៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងដើមឆ្នាំ២០២៣ នឹងអាចរកចំណូលបានចំនួន ៣៥.២៧៣.០១៥ លានដុល្លារ កើនឡើង ២៤.៤០ភាគរយ បើធៀបនឹង៤ខែ ឆ្នាំ២០២៣កន្លងទៅ។
អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ បានឲ្យបញ្ជាក់ថា ទាក់ទងនឹងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មី ក្នុងក្រុងព្រះសីហនុ និងអនុវត្តគម្រោងកែសម្រួលផែកុងតឺន័រប្រវែង២៥៣ម និងគម្រោង អភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មីជំហាន១ ប្រវែង ៣៥០ម ជម្រៅ ១៤.៥ម ដែលសម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអញ្ចើញមកសម្ភោធកាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បានកំពុងរៀបចំតេស្ដដីស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យមកដល់ពេលនេះ បានប្រមាណ២ភាគរយហើយ ដែលក្នុងគម្រោងសាងសង់រយៈពេល៣៦ឆ្នាំ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
លោក ថៃ ឬទ្ធី បានលើកឡើងថា ជាមោទនភាពរបស់កម្ពុជា ដែលប្រមុខរដ្ឋាភិបាលសម្តេចធិបតី បានកំណត់កំពង់ផែស្វយ័តក្រុងសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់ ប៉ុនែ្តមិនមែនសម្រាប់តែកម្ពុជាទេ គឺជាកំពុងផែសម្រាប់តំបន់ ដោយគ្រប់នាវាទាំងអស់ ដែលធ្វើនាវាចរណ៍នៅក្នុងតំបន់ និងក្នុងពិភពលោកអាចចូលចត ឬចេញពីកំពុងផែយើងបាន ហើយទំនិញរបស់យើង មិនលំបាកក្នុងការយកទៅផ្ទេរនៅកំពង់ផែប្រទេសជិតខាង ដូចជាកំពុងផែប្រទេស សិង្ហបុរី ដែលមានតម្លៃដឹកជញ្ជូនខ្ពស់នោះទេ។
ចាប់ពីថ្ងៃទី១ ខែមិថុនា កំពុងផែនឹងដាក់ប្រកាសនូវសេចក្ដីណែនាំរបស់សម្តេចធិបតី អំពីនីតិវិធីអនុវត្ត Transshipment ស្ដុកទំនិញជាបណ្ដោះអាសន្នសិន ហើយបន្ទាប់មកលើកដាក់លើកប៉ាល់ដឹកបន្តរចេញទៅទៀត។
គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវឃ្លាំងសន្និធិគយបណ្តោះអាសន្ននៅចំណតផែកុងតឺន័រ LM១៧, ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ និងឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News



