ព័ត៌មានជាតិ June 4, 2024

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅស្រុកកំពង់ស្វាយ តម្លៃជាង១លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ

Naren

(កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អាតស៊ូស៊ិ អ៊ូអិណូ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

លោក តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមាន ប្រទេសជប៉ុនផងដែរ។

លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការកំណត់យកអាទិភាព គន្លឹះ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្ត្រជាក់លាក់។

ទន្ទឹមនេះរាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពសម្រាប់ចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងវិស័យកសិកម្មពោលគឺ៖ កម្មវិធីទី៥ «ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និងកម្មវិធីទី៦ «ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅ គ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសហគមន៍កសិករ នៅតាមទីជនបទ»

លោកបញ្ជាក់ថា ដោយឃើញពីសក្តានុពល នៃផលិតផលស្វាយចន្ទី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើការដឹកនាំរៀបចំ និងដាក់ចេញនូវ វិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន៖

*ទី១៖ ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់ កណ្តាលសម្រេចសិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួតហើយក្នុង ជំហានបន្ទាប់បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន
*ទី២៖ ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing)
*ទី៣៖ ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទី
*ទី៤៖ ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃនិងការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។

លោក ញ៉ឹក បានខេង បញ្ជាក់ថាខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះ បាន ១៤៥.៣០០ហិចតា ប្រមូលផលសរុបបាន ៨០.០០០ហិចតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិចតា ក្នុង១ឆ្នាំ។

លោកថា ខេត្តកំពង់ធំមានសហគ្រាសសិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន៧កន្លែង និងម៉ាស៊ីនសម្ងួត២៣កន្លែងផងដែរ។ គួរបញ្ជាក់ថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីប្រើប្រាស់ទុនជាង១លានដុល្លារ មានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិតបាន១០តោនក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា១៥០០តោនក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង និងសម្រាប់ឆ្នាំបន្ទាប់ ៣០០០តោន ក្នុង១ឆ្នាំ៕