ផ្ដើមចេញពីបច្ចេកទេសរៀនតាមយូធូប កសិករមួយរូប នៅក្នុងក្រុងសិរីសោភ័ណ បានពង្រីកការចិញ្ចឹមបង្កង ពីអាងដ៏តូច រហូតដល់ពង្រីកផ្ទៃដី ជាងពីរហិកតា
(បន្ទាយមានជ័យ)៖ ផ្ដើមចេញពីការស្រឡាញ់ផ្នែកកសិកម្ម កសិករមួយរូបមានវ័យជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យករបរនៃការចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប ទេីបធ្វេីរូបលោក ក៏បានបែកគំនិតក្នុងការចិញ្ចឹមបង្កងពីផ្ទៃដីតូចហានបោះទុនរហូតដល់ មានការពង្រីកផ្ទៃដី ដល់២ហិកតា បន្ថែម។ នេះបើយោងតាមការចុះផ្សាយរបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
លោក លី រតនៈ ដែលជាម្ចាស់កសិដ្ឋានបង្កង កសិករកម្ពុជា មានទីតាំងនៅភូមិ ថ្មី សង្កាត់ ភ្នៀត បានប្រាប់ឱ្យ ដឹងថា លោកចាប់របចិញ្ចឹមបង្កងអូស្រ្តាលីនេះមានរយៈពេលជិត៥ឆ្នាំហេីយ ដោយសារតែមានការចាប់អារម្មណ៍និងស្រឡាញ់ខាងផ្នែកកសិកម្ម ជាពិសេសការចិញ្ចឹមបង្កង មិនសូវមានអ្នកចិញ្ចឹម មួយវិញទៀត បង្កងនេះក៏មានតម្រូវការទីផ្សារ ច្រេីនផងដែរ ទេីបរូបលោកបានធ្វេីការស្រាវជ្រាវ បច្ចេកទេស តាម យូធូប និងមេីលអ្នកចិញ្ចឹមនៅខេត្តបាត់ដំបងប្រហែល២ម៉ោង ក៏ចាប់ផ្តេីមរៀបចំអាងដំបូងតែ៥០ ទៅ៦០ការ៉េ តែប៉ុណ្ណោះ ដេីម្បីសាកល្បងរយៈពេល៤ខែ ឃេីញវាធំលឿន ក៏ចាប់ផ្តេីមពង្រីកផ្ទៃដីជាង៣០០០ម៉ែត្រការ៉េ ឃេីញថាទទួលបានផល ទេីបបង្កេីតទីតាំងមួយបន្ថែមទៀតដែលមានផ្ទៃដី២ម៉ឺន ម៉ែត្រ ការ៉េ (២ហិកតា) ដោយយកដេីមទុនកម្ចីពីធនាគារ កសិកម្ម អភិវឌ្ឍ ន៍ ជនបទ (ARDB) ដេីម្បីពង្រីកការចិញ្ចឹមបន្ថែម។
លោកក៏បានបញ្ជាក់បន្ថែមថា ចំពោះទីផ្សារវិញ គឺលោកយកទៅលក់តាមបណ្តាភោជនីយដ្ឋានធំៗ ដូចជានៅក្នុងក្រុងប៉ោយប៉ែត ជាដេីម និងធ្វើការលក់តាមប្រព័ន្ធអនឡាញ ដូចជា ហ្វេសប៊ុក យូធូប តឹកតុកជាដើម ដោយលក់ចន្លោះតម្លៃចាប់ពីដប់១៧ទៅ២៥ដុល្លារក្នុងមួយគីឡូក្រាម តាមប្រភេទលេខ១ និងលេខ២។
ជាមួយគ្នានោះលោក លី រតនៈ ក៏បានបង្ហាញអំពីគោលជំហររបស់លោកចង់ឱ្យបងប្អូនកសិករដែលមានបំណងចង់ចាប់យកមុខរបរចិញ្ចឹមបង្កងនេះ អាចធ្វើការទាក់ទងទៅរូបលោកបាន ដើម្បីធ្វើការបង្ហាត់បង្ហាញនូវបច្ចេកទេសមួយចំនួន ក្នុងនោះលោកក៏មានការបង្កាត់នូវពូជសម្រាប់លក់ជូនបងប្អូនកសិករដែលចង់សាកល្បងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលីនេះផងដែរ៕