ព័ត៌មានជាតិ June 5, 2024

គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានជាតិតេជោសែនឫស្សីត្រឹប ទទួលបានប្រាក់ឧបត្ថម្ភជាង១៧មុឺនដុល្លារ និងជីកបាន៤គីឡូម៉ែត្រហើយ

Naren

(ភ្នំពេញ)៖ «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប» នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ ទទួលបានថវិកាជាង១៧ម៉ឺនដុល្លារ និងដំណើរការជីកប្រឡាយបាន៤គីឡូម៉ែត្រហើយ។ នេះបើតាម លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News។

គម្រោង​នេះត្រូវការថវិកាសរុបប្រមាណ៥២ម៉ឺនដុល្លារ ដើម្បីជីកប្រឡាយក្រវាត់ជុំវិញ​ឧទ្យាន​តេជោ​សែន​ឫស្សី​ត្រឹប ​ប្រវែង៥២គីឡូម៉ែត្រ ក្នុងនោះមានជម្រៅ​២ម៉ែត្រ​ ​ទទឹង​៣ម៉ែត្រ​។ ពិធីបើកការដ្ឋានជីកប្រឡាយ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

ប្រធានឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប លោក សូត សំណាង បានមានប្រសាសន៍ថា គិតចាប់តាំងពីបើកការដ្ឋានដើមខែមុន រហូតមកដល់ពេលនេះ (ថ្ងៃទី០៤ ខែមិថុនា) ការជីកប្រឡាយបានធ្វើឡើងរយៈពេល៣០ថ្ងៃមកហើយ ដោយសម្រេចបានជិត៤គីឡូម៉ែត្រ។

លោក សូត សំណាង បានបញ្ជាក់ថា «គោលបំណងសំខាន់បំផុត នៃគម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ គឺការអភិរក្សធនធានវប្បធម៌ និងធនធានធម្មជាតិ ដើម្បីធានានិរន្ដភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ជាតិពន្ទុវិទ្យា ប្រវត្តិវិទ្យា បរិស្ថានវិទ្យា និងរុក្ខាវិទ្យា ដើម្បីលើកកម្រិតតម្លៃតំបន់អភិរក្សឧទ្យានជាតិ ឱ្យកាន់តែប្រសើរឡើង ជាពិសេសនោះគឺ អភិរក្សស្ថានីយឧស្សាហកម្មដែកបុរាណ និងអភិវឌ្ឍជាតំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ»។

លោកបានបន្ថែមថា ទន្ទឹមនឹងនេះ ការជីកប្រឡាយនឹងជាឧបសគ្គសម្រាប់ការពារមិនឱ្យជនខិលខូចបន្តសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ហើយផ្នែកមួយនៃផ្លូវអមប្រឡាយ អាចជួយសម្រួលដល់ក្រុមឆ្មាំដើរល្បាតផងដែរ និងផ្លូវអមប្រឡាយមួយទៀត ប្រវែង២ម៉ែត្រកន្លះ នឹងក្លាយជាផ្លូវលំមួយ សម្រាប់ភ្ញៀវទេសចរ អាចធ្វើដំណើរបាន ក្នុងការស្វែងយល់អំពីវប្បធម៌ សត្វព្រៃ ដែលមានក្នុងឧទ្យាន។

«គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» ត្រូវបានសិក្សារយៈពេល៤ឆ្នាំ ដែលជាគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា។ កន្លងទៅ ដោយមានការលំបាកក្នុងការរង់ចាំថវិកាគាំទ្ររបស់រាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតចលនាសប្បុរសធម៌ កៀរគរថវិកាពីសប្បុរសជនជំនួសវិញ ដើម្បីជីកប្រឡាយឱ្យបានឆាប់ដំណើរការ។ បន្ទាប់ពីមានការអំពាវនាវរបស់ លោកបណ្ឌិត សុខ ទូច និងរាជបណ្ឌិត្យសភាកម្ពុជា មានសប្បុរសជនជាច្រើន ក្នុងនោះក៏មានតាំងពីថ្នាក់ដឹកនាំ រហូតដល់ប្រជាពលរដ្ឋធម្មតា បានចូលរួមបរិច្ចាគថវិកាផ្ទាល់ទាំងតិច និងច្រើនឧបត្ថម្ភគាំទ្រចំពោះគម្រោងនេះ។

ឧទ្យានជាតិតេជាសែនឫស្សីត្រឹប មានផ្ទៃក្រឡាសរុប១១៤,៣៥ ហិចតា គឺជាឧទ្យានជាតិផ្នែកបុរាណវិទ្យា វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិ ដែលសម្បូរទៅដោយព្រៃឈើ សត្វព្រៃ ក្នុងនោះមាន សត្វស្លាប ១៥០ប្រភេទ ល្មូន សត្វជើងបួន…និងជីវចម្រុះជាដើម។ ឧទ្យានជាតិ ក៏មានរ៉ែដែក រ៉ែមាស ប្រភេទឈើប្រណីតលេខ១ លេខ២ ប្រមាណ៣០០ប្រភេទ និងត្រពាំងធម្មជាតិ ត្រពាំងសាឡុងដែលជីកដោយស្នាដៃមនុស្សសម្រាប់យកទៅធ្វើសាឡុង។ ឧទ្យានជាតិដែលស្ថិតក្នុងឃុំឆែបកើត និងឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ មិនត្រឹមតែសម្បូរធនធានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាតំបន់ស្លដែកបុរាណដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ និងមានជនជាតិភាគតិចកួយ ដែលរស់នៅប្រកបរបរស្លដែកនេះ។

កន្លងទៅ ដោយសារឧទ្យានជាតិតេជោសែនឫស្សីត្រឹប មានសក្ដានុពលលើសលុប ទើបមានជនខិលខូចតែងតែលួចចូលមកកាប់ព្រៃឈើយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន អ្នកខ្លះរុករានទន្រ្ទានឆ្ការព្រៃធ្វើចម្ការ អ្នកខ្លះចូលទៅបរបាញ់សត្វ និងខ្លះទៀតចូលមកកាប់ឈើជាដើម៕ ផ្តល់សិទ្ធិដោយ៖ Fresh News