ព័ត៌មានជាតិ June 6, 2024

៥ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ២១៩លានដុល្លារ ពីការលក់អង្ករជាង ៣០ម៉ឺនតោន ខណៈការនាំចេញស្រូវ ជិត២.៥លានតោន បានចំណូល ៧១០លានដុល្លារ

Naren

(ភ្នំពេញ)៖ ការនាំចេញក្នុង៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣០២ ៥៩២ តោន គិតជាទឹកប្រាក់បានចំនួន ២១៩.៩១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣០២,៥៩២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះ រួមមាន៖

* ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៦,៥២៨តោន គិតជាទឹកប្រាក់ចំនួន ១០៤.៤០លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៣,៣២០តោន គិតជាទឹកប្រាក់ចំនួន ៤៦.២០លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន ៦៥,៤១២តោន គិតជាទឹកប្រាក់ចំនួន ៤៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់គោលដៅ២៧ផ្សេងទៀត រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ២៧,៣៣០តោន គិតជាទឹកប្រាក់ចំនួន២២,៩៦លានដុល្លារសហរដ្ឋអាមេរិក។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧១.១៣% ប្រភេទអង្ករស ធម្មតា ២៤.៧៥% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ១.៤៣% និងអង្ករផ្សេងៗចំនួន ០.២៦%។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ២,៤៧៣,២១២តោនស្រូវសើម ដែលគិតជាទឹកប្រាក់ បានប៉ាន់ប្រមាណជាង ៧១០.២៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕ ផ្តល់សិទ្ធិដោយ៖ Fresh News