សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណបើកកាស៊ីណូនៅក្រុងកំពតទេ
(កំពត)៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណឱ្យបើកកាស៊ីណូនៅក្រុងកំពតបន្ថែមទៀតទេ លើកលែងតែនៅទីតាំងភ្នំបូកគោមួយតែប៉ុណ្ណោះ។ ខេត្តកំពតត្រូវបានប្រមុខរាជរដ្ឋាភិបាល មើលឃើញថា មានសក្ដានុពលផ្នែកទេសចរណ៍ និងការវិនិយោគសក្ដានុពលច្រើនបែបច្រើនយ៉ាងផ្សេងទៀត។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកចង់វិនិយោគខាងកាស៊ីណូអាចងាកទៅបើកបនល្បែងនៅតាមច្រកព្រំដែន។
ទន្ទឹមនេះ សម្ដេចធិបតី បានជំរុញឱ្យខេត្ដចំនួន៤ ជាប់មាត់សមុទ្រត្រូវសហការគ្នាឱ្យមានភាពប្រទាក់ក្រឡាគ្នា ដើម្បីទាញសក្ដានុពលផ្សេងគ្នា ដោយខេត្ដនីមួយៗត្រូវដឹងថាខ្លួនត្រូវធ្វើអ្វី ដើម្បីទាក់ទាញសក្ដានុពលរបស់ខ្លួន។
សូមជម្រាបជូនថា ពិធីសម្ពោធដែលកំពុងរៀបចំឡើងយ៉ាងអធិកអធមនាព្រឹកនេះ គឺជាសក្ខីភាពបង្ហាញឱ្យ ឃើញពីសមិទ្ធផលថ្មីមួយបន្ថែមទៀត និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាបើនិយាយជារួម និង ការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែបើនិយាយដោយឡែក ដែលបានលេច ចេញជារូបរាងឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយភាព ប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែ នៅកម្ពុជា។ ពិធីនាឱកាសនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេស ក្នុងការចូលរួមវិនិយោគ អភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕