Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលជំងឺកុមារជាង ១លានករណី ខណៈមន្ទីរពេទ្យត្រូវចំណាយថវិការង្វង់ជាង ៤២លានដុល្លារ ក្នុង១ឆ្នាំ

    BY Naren June 19, 2024
    ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលជំងឺកុមារជាង ១លានករណី ខណៈមន្ទីរពេទ្យត្រូវចំណាយថវិការង្វង់ជាង ៤២លានដុល្លារ ក្នុង១ឆ្នាំ

    (ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានទទួលការព្យាបាលជំងឺជូនកុមារជាង ១លានករណី ហើយក្នុងនោះមន្ទីរពេទ្យត្រូវចំណាយថវិកានៅក្នុងរង្វង់ជាង៤២លានដុល្លារ នៅក្នុង១ឆ្នាំ ​ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។

    ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ចន ណារិទ្ធ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានធ្វើឡើងនៅក្រសួងព័ត៌មាន។

    នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «គ្រាន់តែឆ្នាំ២០២៣ ការពិនិត្យព្យាបាលកុមារដែលយើងឱ្យឈ្មោះថា “ការពិនិត្យខាងក្រៅ” នោះ ដែលអាចមកពិនិត្យហើយអាចត្រឡប់ទៅសម្រាកនៅផ្ទះវិញ មានប្រមាណជាង​ ៨៩,៩០០០ករណីហើយ នៅក្នុងនោះផងដែរ មានដែលអ្នកបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៨,៤០០០ករណីបន្ថែមទៀត អាចនិយាយបានថាចំនួននេះក៏ស្ថិតនៅក្នុងចំនួនខាងលើផងដែរ។ តួលេខទាំងអស់ហើយយើងបូកសរុបបញ្ចូលគ្នាបានចំនួនសរុបប្រមាណជាង​ ១,០០៦,០០០ករណី»។

    លោកបណ្ឌិត ចន ណារិទ្ធ បានបន្តថា សម្រាប់មន្ទីរគន្ធបុប្ផានៅខេត្តសៀមរាប គឺមានសេវាផ្នែកសម្ភព (ពិនិត្យផ្ទៃពោះ និងសេវាសម្រាលទារក) ជាសេវាកម្មមួយដែលមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។ ខណៈមន្ទីរពេទ្យគន្ធបុប្ផា ដែលនៅជាប់ព្រះបរមរាជវាំង ក៏មានការទទួលសេវាកម្មព្យាបាលមានលក្ខណៈពិសេសលើសពីកុមារបន្តិច ដោយសារតែអ្នកជំងឺដែលធ្លាប់សម្រាកព្យាបាលមានជំងឺទឹកនោមផ្អែមពីកុមារ និងជំងឺមហារីកឈាម។

    លោកបណ្ឌិតបានគូសបញ្ជាក់ផងដែរថា​៖ «សម្រាប់ប្រចាំឆ្នាំនេះ គឺមន្ទីរពេទ្យមានការចំណាយក្នុងរង្វង់ប្រមាណជា ៤២លានដុល្លារ​ អាចបូកដកខ្លះអាស្រ័យទៅលើឆ្នាំ ថាតើមានភាពធ្ងន់ធ្ងរនៃប្រភេទជំងឺណាមួយដែរ ឬទេ តួយ៉ាងដូចជាជំងឺគ្រុនឈាមដែលកើតឡើងចន្លោះពេល៣ ទៅ៤ឆ្នាំម្ដង ដែលមានការកើនឡើងខ្លាំង អីចឹងការចំណាយក៏មានការប្រែប្រួលទៅតាមហ្នឹងដែរ»

    មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងបន្តការខិតខំអំពាវនាវ ដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត, ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន។

    មូលនិធិគន្ធបុប្ផាកម្ពុជា បានជូនដំណឹងដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្គ្រោះកុមារ។ ថវិកាបិរច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

    សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: