ព័ត៌មានជាតិ June 20, 2024

Elon Musk អះអាងថា កំពូលរថយន្ត Tesla Roadster របស់ខ្លួនមានសមត្ថភាពអាចហោះបាន

Naren

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺកំពូលមហាសេដ្ឋី Elon Musk អះអាងនាពេលថ្មីៗនេះតាមរយៈបណ្តាញសង្គម X ថា កំពូលរថយន្តស៊េរីថ្មីរបស់ខ្លួន គឺ Tesla Roadster នឹងមានសមត្ថភាពអាចហោះហើរ។ ប្រសិនបើការអះអាងនេះ ជាការពិតមែន នោះ Roadster នឹងក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ តែយ៉ាងណា Elon Musk មិនបានចែករំលែកព័ត៌មានលម្អិតបន្ថែម ដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែដំណឹងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឃ្លាំមើលឧស្សាហកម្មនេះជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Gizmo China។

គេនៅចាំបានថា យានយន្តលំដាប់កំពូលរបស់ Tesla គឺ Tesla Roadster នេះបានប្រកាសចេញផ្លូវការណ៍ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដែលវាជាអ្នកស្នងតំណែងពី Roadster ស៊េរីឆ្នាំ ២០០៨ ផលិតឡើយដោយប្រើទម្រង់ Elise platform ។ កំពូលរថយន្តនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី ១ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១.៩ វិនាទីប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះមានរថយន្តម៉ាក Tesla និង Lucid មួយចំនួន មានសមត្ថភាពអាចជាន់សន្ទុះល្បឿនប្រសើរជាង ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតិចជាង ២វិនាទី។ លើសពីនេះទៅទៀតរថយន្តទំនើបក្នុងប្រភេទដូចគ្នាជាមួយ Roadster អាចសម្រេចបាននូវការជាន់សន្ទុះល្បឿនពី០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើរយៈពេលត្រឹម ១.៧ វិនាទី។

នៅក្នុងការបង្ហោះសារលើកនេះ ទោះបីជា Elon Musk មិនបានបង្ហើបអ្វីលំអិតផ្សេងទៀត ពីរថយន្តកំពូលនេះក៏ដោយ ប៉ុន្តែ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក នោះកំពូលរថយន្តអគ្គិសនីកំពូលល្បឿន Tesla Roadster ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការនៅឆ្នាំនេះ ហើយនឹងចូលសង្វាក់ផលិតកម្មនៅឆ្នាំ២០២៥។ សម្រាប់តម្លៃបឋមរបស់ Roadster គឺខ្ទង់ ២០ម៉ឺនដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ Fresh News