សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ ជាសហគមន៍ដំបូងសម្រាប់ដំណាំស្វាយចន្ទី ដែលគ្រោងនឹងដំណើរការនៅអំឡុងខែសីហាខាងមុខនេះ
(កំពង់ធំ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទនូវការប្រសូត្រឡើង «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» ដែលជាសហគមន៍ដំបូងសម្រាប់ដំណាំស្វាយចន្ទី ហើយគ្រោងនឹងបើកដំណើរការនៅអំឡុងខែសីហាខាងមុខនេះ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ បានលើកឡើងថា «តាមពិតទៅ ក្នុងចំណោមសហគមន៍ស្វាយចន្ទីទាំង៣ សហគមន៍នេះទើបចាប់ផ្តើមរៀបចំក្រោយគេ តែបែរជាមានវឌ្ឍនភាពលឿនជាងគេទៅវិញ ហើយកសិករជាសមាជិកនិងថ្នាក់ដឹកនាំសហគមន៍ជាប់ឆ្នោត ក៏សុទ្ធតែជាយុវជនពោរពេញទៅដោយថាមពល និងសក្តានុពលខ្ពស់ យើងកំពុងបន្តរង់ចាំតែការរៀបចំផែនការអាជីវកម្មត្រូវបានបញ្ចប់ក្នុងអំឡុងពេលប្រហែល១ទៅ២ខែទៀត យើងនឹងអាចដំណើរការសហគមន៍កសិកម្មទំនើបដំបូងសម្រាប់ដំណាំស្វាយចន្ទីបានហើយ»។
សូមជម្រាបថា កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម បានដឹកនាំក្រុមការងារអភិវឌ្ឍន៍សហគមន៍ ចូលរួមមហាសន្និបាតកំណើតដំបូងនៃសហគមន៍ស្វាយចន្ទីនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
*ទី១៖ សហគមន៍នេះបានសម្រេចយកឈ្មោះ «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» ដោយមានសមាជិកផ្លូវការចំនួន ៧៦គ្រួសារ និងផ្ទៃដីផលិតកម្មចន្ទីដែលផ្តល់ផលស្រាប់ចំនួន ៤៥៨ហិកតា
*ទី២៖ មហាសន្និបាតរបស់សហគមន៍ប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមដឹងលឺពីសំណាក់រដ្ឋបាលមូលដ្ឋាន ដោយសហគមន៍បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ០៧រូប និងគណៈកម្មាធិការត្រួតពិនិត្យចំនួន០៥រូប
*ទី៣៖ សហគមន៍បានអនុម័តលើលក្ខន្តិកៈថ្មីនៃសហគមន៍កសិកម្មទំនើប ដែលជាលក្ខន្តិកៈទើបបានពិនិត្យកែសម្រួលរួចតាមអនុសាសន៍ណែនាំរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានកំណត់យកគោលការណ៍បែងចែកភាគលាភ តាមរូបមន្តសមាមាត្រនៃបរិមាណផលនៃចម្ការរបស់សមាជិកនីមួយៗ
*ទី៤៖ លោកបានបន្តណែនាំឱ្យក្រុមប្រឹក្សាភិបាលទើបជាប់ឆ្នោតថ្មីទាំង៧រូប ចាប់ផ្តើមធ្វើការជាមួយក្រុមការងារក្រសួង និងទីប្រឹក្សារបស់ ASPIRE-AT ប្រចាំខេត្តកំពង់ធំ ដើម្បីចុះប្រមូលទិន្នន័យមូលដ្ឋាន (Baseline Data) ក៏ដូចជារៀបចំផែនការអាជីវកម្មលម្អិតបន្តទៀត
*ទី៥៖ តាមការសន្និដ្ឋាន និងវាយតម្លៃបន្ទាប់ពីបានពិនិត្យមើលល្បឿននៃវឌ្ឍនភាពនៃការៀបចំ «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» នឹងអាចចាប់ផ្តើមដំណើរការជាផ្លូវការនៅក្នុងអំឡុងខែសីហា បន្ទាប់ពីផែនការអាជីវកម្មត្រូវបានបញ្ចប់ និងកម្ចីឥណទានពីARDBត្រូវបានអនុម័ត
*ទី៦៖ ដោយឡែកសហគមន៍ស្វាយចន្ទីនៅខេត្តកំពង់ធំចំនួន០២ទៀត អាចនឹងចាប់ផ្តើមដំណើរការបានជាបន្តបន្ទាប់នៅខែកញ្ញា និងខែតុលា ឆ្នាំ២០២៤នេះផងដែរ ដោយគ្រោងនឹងយកគម្រូឯកសារភាគច្រើនពីសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ។
សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណនិងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕ ផ្តល់សិទ្ធិដោយ Fresh News





