តស់ណាត់គ្នាមើលកុន! រឿងប្រវត្ដិសាស្រ្ត “ការណាត់ជួបជាមួយ ប៉ុលពត” កំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទូទាំងរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ
ធនាគារ វីង មានមោទនភាពដែលមានបានចូលរួមគាំទ្រក្នុងគម្រោងផលិតខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត “ការណាត់ជួបជាមួយ ប៉ុល ពត”។
នៅក្នុងស្នាដៃផលិតខ្សែភាពយន្តថ្មី “ការណាត់ជួបជាមួយ ប៉ុលពត” របស់ លោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ បាននាំអារម្មណ៍ទស្សនិកជន ទៅកាន់ ទិដ្ឋភាពដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ អ្នកកាសែត បារាំងចំនួន ៣រូបរួមមាន៖ លោកស្រី Elise Delbo (សម្តែងដោយលោកស្រី Irene Jacob), លោក Alain Cariou (សម្តែងដោយលោក Gregoire Colin), និងអ្នកកាសែតផ្នែកថតរូបគឺលោក Paul Thomas (សម្តែងដោយលោក Cyril Guei) បានធ្វើដំណើរមកកាន់ ប្រទេស កម្ពុជាដែលជាដំណើរទស្សនៈកិច្ច មួយមិនមានអ្នកណាផ្សេងធ្វើបាននោះឡើយ។

ដោយទទួលបានការអញ្ជើញពី ក្រុមខ្មែរក្រហមដើម្បីធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំរបស់ពួកគេគឺលោក ប៉ុល ពត នៅក្នុងប្រទេស កម្ពុជា នាឆ្នាំ១៩៧៨ អ្នកកាសែតទាំងបីរូបបាន ជាប់ផុងខ្លួន នៅក្នុងសំណាញ់ នៃការបោកបញ្ឆោត និងគ្រោះថ្នាក់ជាច្រើន ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង ដែលបានឧបត្ថម្ភគាំទ្រជាច្រើន ដល់ការផលិតខ្សែភាពយន្តនេះបានលើកឡើងថា៖ “ពលរដ្ឋខ្មែរគ្រប់រូបគួរតែទស្សនាខ្សែភាពយន្តនេះ ដ្បិតថាភាពយន្តនេះមាន តម្លៃជាប្រវត្តិសាស្រ្ត និងដំណើរសាច់រឿងគួរជាទី ចាប់អារម្មណ៍ជាច្រើន ។ មានតែការឈ្វេងយល់ពីអតីតកាលប៉ុណ្ណោះ ទើបអាចជួយត្រួសត្រាយផ្លូវរបស់ យើងទៅអនាគតឱ្យកាន់តែប្រសើរ។”

ដោយមានការដកស្រង់ចេញពីស្នាដៃនិពន្ធសៀវភៅប្រវត្តិសាស្រ្ត “នៅពេលដែលសង្រ្គាមរលត់ទៅ” របស់អ្នកកាសែតអាមេរិកដ៏ល្បីឈ្មោះគឺលោកស្រី Elizabeth Becker ស្នាដៃភាពយន្តនេះបានទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន ចាប់តាំងពីខ្សែភាពយន្តនេះ ត្រូវ បានជ្រើសរើសសម្រាប់ការចាក់បញ្ចាំង ជូនភ្ញៀវអន្តរជាតិនៅក្នុងមហោស្រពភាពយន្ត អន្តរជាតិកាននាពេលកន្លងមកម្ល៉េះ។ ក្រោយទទួលបានភាពជោគជ័យក្នុងការចាក់បញ្ចាំងជាង ២៨០ រោងភាពយន្តរួចមកនៅក្នុងប្រទេសបារាំង ឥឡូវខ្សែភាពយន្តនេះចាប់ផ្តើមចាក់បញ្ចាំងនៅកម្ពុជាហើយ ដែលនឹងអនុញ្ញាត្តឱ្យទស្សនិជនស្លុងអារម្មណ៍ ទៅកាន់ព្រឹត្តិការណ៌ដ៏សំខាន់មួយនៃអតីតកាលរបស់កម្ពុជា។
លោក ប៉ាន់ រិទ្ធី បានលើកឡើងថា ៖ “តាមរយៈខ្សែភាពយន្តមួយនេះ ខ្ញុំបានព្យាយាមរំលេចនូវសាច់រឿងដែលមិនត្រូវបានគេលើកមកបរិយាយ ហើយត្រូវបានលាក់ទុកក្នុងជម្រៅចិត្ត ក៏ដូចជាការឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃមនុស្សជាតិរបស់យើង។”

លោក ប៉ាន់ រិទ្ធី បរិយាយ យ៉ាងស្ទាត់ជំនាញអំពីស្ថានភាពដ៏ចម្រុងចម្រាស់រវាងភាពជាអ្នកសារព័ត៌មាន និងការជាប់ឃុំឃាំង នៅពេលដែលពួកគេបានព្យាយាមរុករកការពិត នៃរបបកម្ពុជាប្រជាធិបតេយ្យដែលត្រូវបានគេលាក់បាំង ។ តាមរយៈវីដេអូឯកសារ ស-ខ្មៅ និងការប្រើប្រាស់រូបសូន ពីដីឥដ្ឋ ដោយយកលំនាំតាម ស្នាដៃនាពេលកន្លងមករបស់លោកគឺ “ The Missing Picture ឬកង្វះរូបភាព” ដែលខ្សែភាពយន្តនេះបានរំលេចពីទិដ្ឋភាពជាក់ស្តែងមួយនៃរបបប៉ុល ពត ហើយលាតត្រដាងអំពី ពិភពលោកមួយដែលពោរពេញទៅដោយភាពអត់ឃ្លាន ការធ្វើទារុណកម្ម និងអន្លង់នៃវាលពិឃាតដ៏សាហាវយង់ឃ្នង់។

សម្រាប់ទស្សនិកជនដែលមានបំណងឈ្វេងយល់ពីដំណើរសាច់រឿងមួយនេះ ឥឡូវនេះភាពយន្ត រឿង “ណាត់ជួបជាមួយ ប៉ុល ពត” កំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទូទាំងរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ក្នុងនោះ រួមមាន៖ រោងភាពយន្ត Fable, រោងភាពយន្តលេជេន និង រោងភាពយន្ត Major Cineplex Aeon នៅគ្រប់សាខាទាំងអស់ ។
ជាមួយសំបុត្រចូលរួមទស្សនាតម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ នេះគឺជាឱកាសមួយដែលទស្សនិកជន អាចមើលឃើញដោយផ្ទាល់នូវប្រវត្តិសាស្រ្តដែលបានលាតត្រដាងនៅលើផ្ទាំងសំពត់ស នៃរោងភាពយន្តតែម្តង៕



