ព័ត៌មានជាតិ October 10, 2024

សាលី ហ្វីលីន ឈ្នះមេដាយមាស ១គ្រឿងទៀត នាំឲ្យកម្ពុជា កើនមេដាយដល់ ៥គ្រឿង នៃការប្រកួត World Jet Ski នៅអាមេរិក

Liny Chan

(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងទៀតហើយ ដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Amateur Runabout 1100 Limited នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ (ពេលវេលានៅកម្ពុជា) ។ ជាបណ្ដោះអាសន្ន កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង (មាស ៣ និងប្រាក់ ២) ។

បច្ចុប្បន្នកីឡាករវ័យក្មេងកម្ពុជា សាលី ហ្វីលីន ដណ្ដើមបានមេដាយ ៣គ្រឿងម្នាក់ឯង ក្នុងនោះមានមេដាយមាស ២ និងប្រាក់ ១ ហើយរូបគេនៅសល់ ៣វិញ្ញាសាទៀត ក្នុងចំណោម ៥វិញ្ញាសានៅសល់សម្រាប់ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដែលត្រូវធ្វើការប្រកួតប្រជែងស្វែងរកមេដាយជូនជាតិបន្ថែម ជាមួយវីរកីឡាករ សាលី អ៊ូមើត ដែលជាបងប្រុសបង្កើតរបស់ខ្លួន ។

គួរដឹងថា ព្រឹត្តិការណ៍ WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិ ប្រព្រឹត្តទៅពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ មុនបន្ដការប្រកួតជុំទី៣ ដែលជាជុំផ្ដាច់ព្រ័ត្រ នៅថៃ នាថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ កាលពីជុំទី១ នៅប៊ូឡូញ ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) ។ ដូច្នេះបច្ចុប្បន្នក្រុមកម្ពុជា បានបំបែកកំណត់ត្រាមេដាយមាស កាលពីជុំទី១ ហើយ ដែលដណ្ដើមបានមេដាយមាស ៣គ្រឿងបណ្ដោះអាសន្ន ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News