ព័ត៌មានជាតិ October 15, 2024

សម្ដេចធិបតី លើកឡើងពីបញ្ហាពន្ធនាគារដែលកំពុងល្បី និងបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័នពន្ធនាគារ

Liny Chan

នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០” ។

ក្នុងឱកាសនោះសម្ដេចធិបតី បានលើកឡើងពីបញ្ហាពន្ធនាគារដែលត្រូវបានបង្ហោះពេញបណាញសង្គមនាពេលថ្មីៗនេះ ដោយក្នុងនោះសម្ដេចធិបតី បានបញ្ជាក់ថា សម្ដេចបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័នពន្ធនាគារ។

សម្ដេចធិបតី បានមានប្រសាសន៍ដូច្នេះថា៖ « ម្សិលម្ងៃនេះ ឃើញគេបង្ហោះពេញហ្វេសប៊ុករឿងជប់លៀងពេញក្នុងគុក ខ្ញុំបានជជែកជាមួយឯកឧត្តម ស សុខា ពីម្សិលម្ងៃប្រគល់ភារកិច្ចឱ្យមើល ពិនិត្យត្រង់ហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច? ព្រោះឥលូវតាមហ្វេសប៊ុកនេះ មិនដឹងថាស្អីជាស្អីទេ ជួនកាលអា ១០ឆ្នាំមុនក៏ចេញមកឥលូវ ប៉ុន្តែឱ្យធ្វើយ៉ាងណា ធ្វើការកែទម្រង់ពង្រឹងពន្ធនាគាររបស់យើងនៅទូទាំងប្រទេស។ ម្សិលមិញឯកឧត្តម ស សុខា បានរាយការណ៍មក ខ្ញុំបានឯកភាពលើ ២ចំណុច ទី១ គឺពង្រឹង ម១ នេះ តាមរយៈ ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័ននេះ អ៉ីចឹងក៏បានត្រៀម ហើយយើងត្រូវធ្វើយ៉ាងណា ធានានូវការពង្រឹងសន្តិសុខគ្រប់ទិដ្ឋភាពទាំងអស់ត្រូវតែធ្វើ »៕

អត្ថបទ៖ លីនី