Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើអាចារ្យ សូមស្ដាប់នូវការសម្រេចចិត្តរបស់មេបា រឿងដាក់កូនកម្លោះនៅខាងឆ្វេង ឬនៅខាងស្ដាំ សូមកុំតវ៉ាប្រឆាំងជាមួយម្ចាស់ដើមការ

    BY Liny Chan November 21, 2024
    សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើអាចារ្យ សូមស្ដាប់នូវការសម្រេចចិត្តរបស់មេបា រឿងដាក់កូនកម្លោះនៅខាងឆ្វេង ឬនៅខាងស្ដាំ សូមកុំតវ៉ាប្រឆាំងជាមួយម្ចាស់ដើមការ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងផ្ដាំផ្ញើដល់អាចារ្យទាំងអស់ថា ក្នុងរដូវកាលនេះជារដូវកាលរៀបអាពាពិពាហ៍​ ដូច្នេះសូមអាចារ្យទាំងអស់ស្ដាប់នូវ ការសម្រេចចិត្តរបស់មេបា ចំពោះរឿងដាក់កូនកម្លោះនៅខាងឆ្វេង ឬនៅខាងស្ដាំ សូមកុំតវ៉ាប្រឆាំងជាមួយម្ចាស់ដើមការ។

    ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសម្ដេចតេជោបានអញ្ជើញជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមផ្ដាំផ្ញើលោកអាចារ្យថា ពេលនេះជាពេលរៀបអាពាពិពាហ៍ តែងតែលឺការជជែកគ្នារឿងថា ដាក់កូនប្រុសខាងស្ដាំ ឬដាក់កូនប្រុសខាងឆ្វេង រឿងនេះនៅតែជាប្រធានបទដដែល ក្នុងពេលដែលខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានទៅជួបអាចារ្យម្ដងក្នុងពេលជជែកគ្នា ក្នុងនោះអាចារ្យ ញៀន ភឿន និងអាចារ្យមួយចំនួនទៀត និងការអនុវត្តន៍ជាក់ស្ដែង។ ដោយអាចារ្យ គុណ និងអាចារ្យមួយចំនួនផ្សេងទៀត ដែលជាទម្លាប់ ខាងផ្នែកអាចារ្យ ញៀន ភឿន ថា កូនកម្លោះត្រូវតែដាក់ខាងឆ្វេងដៃ មុនពេលផ្ទឹម ចំណែកកូនក្រមុំនៅខាងស្ដាំដៃ ក្នុងពេលនោះមានការជជែកដេញដោលគ្នាច្រើនណាស់ រហូតដល់មានការលើកឡើងថា អ្នកណាធ្វើខុសពីក្រសួងធម្មការ និងសាសនា គឺមិនបាននោះទេ ឲ្យខ្ញុំករុណាទៅបកស្រាយ»

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ឥឡូវនេះពេលរៀបអាពាពិពាហ៍សូមឲ្យអាចារ្យ ស្ដាប់នូវដំបូន្មានរបស់មេបា ការសម្រេចចិត្តរបស់មេបា បើមេបាតម្រូវឲ្យដាក់កូនកម្លោះ នៅខាងស្ដាំដៃកូនក្រមុំ គឺធ្វើតាមម្ចាស់ដើមការទៅ កុំមានៈ លើកលែងតែម្ចាស់ដើមការលើកឡើងថា សម្រេចលើអាចារ្យរៀបចំយ៉ាងណាឲ្យតែល្អ ដូច្នេះទើបជាសិទ្ធិរបស់អាចារ្យ រៀបចំដាក់កូនកម្លោះ កូនក្រមុំខាងណាក៏ល្អ ប៉ុន្ដែអាចារ្យត្រូវតែសួរម្ចាស់ដើមការជាមុនសិនថា តើកូនកម្លោះគួរដាក់ខាងស្ដាំដៃ ឬដាក់ខាងឆ្វេងដៃ។

    សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «មានអ្នកខ្លះលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន លើករឿងកិច្ចការងារកំប៉ិកកំប៉ុកមកនិយាយ គ្រាន់តែរឿងដាក់កូនកម្លោះខាងស្ដាំ ឬខាងឆ្វេងប៉ុណ្ណោះ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើមិនចេះរឿងកំប៉ិកកំប៉ុកនោះទេ សូមកុំចង់ទៅធ្វើអ្នកធំអី។ ខ្ញុំសូមផ្ដាំថា ប្រសិនបើមិនចេះរឿងកំប៉ិកកំប៉ុង មិនអាចធ្វើរឿងកំប៉ិកកំប៉ុកបាន កុំសង្ឃឹមថាទៅធ្វើការងារធំ ឬធ្វើធំបាន»

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា «មួយទៀតខ្ញុំព្រះករុណាខ្ញុំសូមអង្វរក សូមព្រះសង្ឃកុំច្រណែនគ្នាអី ប្រសិនបើព្រះសង្ឃដែលមាននិន្នាការនយោបាយ នោះខ្ញុំព្រះករុណាខ្ញុំមិនថាទេ ប៉ុន្ដែពេលខ្លះព្រះសង្ឃ គ្រាន់តែមានព្រះសង្ឃខ្លះមានឥទ្ធិពល ក៏ចេះច្រណែនគ្នាដែល បើដូច្នេះតើកាមកេលេស នៅក្នុងធម៌ប្រដៅព្រះពុទ្ធសាសនា យ៉ាងម៉េចទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំសូមលើកឲ្យចំៗអីចឹងតែម្ដងទៅដូច ព្រះអង្គចន្ទមុនី តើគួរធ្វើម៉េចបើព្រះអង្គត្រូវបានប្រជាពលរដ្ឋ គោរពស្រលាញ់ចូលចិត្តព្រះអង្គទៅហើយយើងជួយអរទៅ [….] ដូច្នេះយើងកុំច្រណែនគ្នាអីអំពីអ្នកនេះ ឬអ្នកនោះមានឥទ្ធិពល អ្នកនោះមានប្រជាប្រិយ អ្នកនេះអត់ប្រជាប្រិយ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: