ព័ត៌មានជាតិ November 22, 2024

ដំណឹងរីករាយ! គ្រាប់ស្វាយចន្ទីកែច្នៃ១៦តោន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបលើកដំបូង

Liny Chan

(កំពង់ធំ)៖ គ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៦តោនរបស់ក្រុមហ៊ុនមីរ៉ាត់អាគ្រីថិច (MIRARTH Agri Tech) ត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបលើកដំបូង។ នេះជាការបញ្ជាក់របស់ក្រុមហ៊ុន នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងរោងចក្រភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទី របស់កម្ពុជាមានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានារួមមានប្រទេសជប៉ុនផងដែរ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដោយឃើញពីសក្តានុពល នៃផលិតផលស្វាយចន្ទី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានាក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទីផងដែរ។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់សហភាពអឺរ៉ុបជាលើកដំបូងរបស់ក្រុមហ៊ុន MIRARTH Agri Tech Co., Ltd. ក្នុងឱកាសនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ សហភាពអឺរ៉ុបជាលើកដំបូង។ នេះមិនត្រឹមជាភាពជោគជ័យសម្រាប់តែក្រុមហ៊ុនទេ តែក៏ជាដំណាក់កាលដ៏សំខាន់ក្នុងដំណើរបេសកកម្មរបស់យើងក្នុងការនាំយកទំនិញ Product of Cambodia ទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋលេខាធិការបន្តថា តាមរយៈការចូលរួមលើការងារនេះមួយរយៈកន្លងទៅ លោកពិតជាទទួលស្គាល់ថាការនាំយកទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុបពិតជាមានការលំបាកនិងតម្រូវឱ្យមានការអនុវត្តតាមច្បាប់ លក្ខខណ្ឌតម្រូវនិងស្តង់ដារខ្ពស់។ ដូច្នេះហើយការដែលក្រុមហ៊ុន MIRARTH សម្រេចបានការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយផ្ទាល់នេះ សរបញ្ជាក់ឱ្យឃើញថាក្រុមហ៊ុនរបស់កម្ពុជាមានលទ្ធភាពក្នុងការនាំចេញដោយផ្ទាល់ទៅទីផ្សារអឺរ៉ុប។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះសង្ឃឹមថា នឹងអាចជាការលើកទឹកចិត្តដល់ក្រុមហ៊ុនដទៃក្នុងការគិតគូរពិចារណាក្នុងការនាំចេញទៅកាន់ទីផ្សារដ៏សំខាន់នេះផងដែរ និងសូមជូនពរដល់ក្រុមហ៊ុន MIRARATH នៅតែបន្តទទួលបានជោគជ័យក្នុងការនាំយកទំនិញស្វាយចន្ទីកែច្នៃ និងទំនិញសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។

លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បញ្ជាក់ថា ការបើករោងចក្រនេះ មានន័យថាអាចបង្កើតការងារថ្មីធ្វើឱ្យប្រជាជនមិនចាំបាច់ចេញទៅរកស៊ីនៅបរទេស ដោយមានតម្លៃបន្ថែមពីការប្រើប្រាស់សម្បកស្វាយចន្ទី ដែលអាចទាក់ទាញនូវការកើនឡើងនៃផលិតផលសាច់ដុំប្រទេស (GDP)។ ក្រៅពីនេះ ស្រោមស្វាយចន្ទីក៏អាចផ្តល់ស្តុកឧបករណ៍ថាមពលសម្រាប់បម្លែងជាថាមពលស្ងួតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News