Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនធំៗចំនួន៥ នឹងផ្តល់ឱកាសការងារ ៦៥០កន្លែង នៅក្នុងវេទិកាការងាររបស់ «NEA»

    BY Liny Chan November 26, 2024
    ក្រុមហ៊ុនធំៗចំនួន៥ នឹងផ្តល់ឱកាសការងារ ៦៥០កន្លែង នៅក្នុងវេទិកាការងាររបស់ «NEA»

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន៦៥០កន្លែង ពីក្រុមហ៊ុនធំៗ ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។

    ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា ក្រុមហ៊ុន អ៊ិនធើណេត ONLINE, ធនាគារ BIC BANK, សណ្ឋាគារ KVL, មីក្រូហិរញ្ញវត្ថុ JACCS និងក្រុមហ៊ុន TRUMP FITNES។ ចំពោះយុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ០៥៖០០នាទីល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    លោក សួ ស៊ីវត្ថា ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន TRUMP FITNESS លើកឡើងថា ជានិច្ចកាលក្រុមហ៊ុនរបស់លោកតែងតែចូលរួមសហការជាមួយនឹង NEA ក្នុងព្រឹត្តិការផ្សេងៗដើម្បីផ្តល់ឱកាសការងារដល់សិស្សនិស្សិតដែលចង់ស្វែងរកការងារធ្វើ។ ក្រោយពីការចូលរួមជាមួយ NEA ខាងក្រុមហ៊ុនតែងទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាពតាមអ្វីដែលខាងមានតម្រូវការ។ លោកបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន TRUMP FITNESS មានតម្រូវការបុគ្គលិកបន្ថែមជាច្រើននាក់ ដែលក្រុមហ៊ុននឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម ព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។

    លោក ស៊ីវត្ថា បញ្ជាក់បន្ថែមទៀតថា «យើងពិតជាសរសើរ NEA ណាស់ដែលបានរកគ្រប់វិធីសាស្ត្រជាច្រើនសំដៅជួយដល់និស្សិតឱ្យបានស្គាល់ពីក្រុមហ៊ុន ពិសេសបានដឹងពីព័ត៌មានទីផ្សារ និងតម្រូវការងារការងារនាពេលបច្ចុប្បន្ន»។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: