Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា អ្នកទិញផ្ទះលក្ខណៈជាបុរី តម្លៃក្រោម ៧ម៉ឺនដុល្លារ អនុញ្ញាតឱ្យរួចពន្ធប្រថាប់ត្រា រហូតដល់ដាច់ឆ្នាំ២០២៥ ទោះបីកិច្ចសន្យាទិញមុនឆ្នាំ២០២០ និងបន្ថែមគោលការណ៍ថ្មី អ្នកទិញផ្ទះលើកទី១ តម្លៃ២១ម៉ឺនដុល្លារចុះ ក៏រួចពន្ធប្រថាប់ត្រាដែរ

    BY Liny Chan November 27, 2024
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា អ្នកទិញផ្ទះលក្ខណៈជាបុរី តម្លៃក្រោម ៧ម៉ឺនដុល្លារ អនុញ្ញាតឱ្យរួចពន្ធប្រថាប់ត្រា រហូតដល់ដាច់ឆ្នាំ២០២៥ ទោះបីកិច្ចសន្យាទិញមុនឆ្នាំ២០២០ និងបន្ថែមគោលការណ៍ថ្មី អ្នកទិញផ្ទះលើកទី១ តម្លៃ២១ម៉ឺនដុល្លារចុះ ក៏រួចពន្ធប្រថាប់ត្រាដែរ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា ដើម្បីជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលទ្រព្យកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបន្តអនុគ្រោះឱ្យរួចពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥ បើទោះបីផ្ទះនោះមានកិច្ចសន្យាទិញ-លក់ មុនឆ្នាំ២០២០ក៏ដោយ។

    បន្ថែមលើសពីនេះ សម្តេចបវរធិបតីក៏កំពុងរៀបចំឱ្យមានការលើកទឹកបន្ថែមទៀត ដោយអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកទី១ តម្លៃ២១ម៉ឺនដុល្លារចុះក្រោម ក៏ទទួលបានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិផងដែរ។

    ការថ្លែងរបស់សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

    សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា​ «អ្នកទិញមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ [គោលការណ៍ដែលសម្តេចតេជោប្រកាស] អត់បានការអនុគ្រោះពន្ធប្រថាប់ត្រាទេ។ ឥឡូវខ្ញុំថា កុំពិបាក អ្នកទិញមុនក៏ទិញចុះ ឱ្យតែក្រោម ៧ម៉ឺនដុល្លារ ហើយអនុគ្រោះពន្ធប្រថាប់ត្រាឱ្យគាត់ រហូតដល់ចុងឆ្នាំ២០២៥ អ្នកដែលមិនទាន់ទៅកាត់ឈ្មោះ សូមទៅកាត់ចុះ អនុគ្រោះពន្ធប្រថាប់ត្រាឱ្យគាត់»

    សម្តេចបវរធិបតីបន្ថែមទៀតថា «ឥឡូវខ្ញុំកំពុងឱ្យរៀបចំគោលការណ៍មួយទៀត គឺសម្រាប់អ្នកទិញផ្ទះលើកទី១ ក្នុងបុរី ឬខុនដូ ដើម្បីជួយឱ្យគេទិញ អ្នកដែលមានតម្លៃលើសពី ៧ម៉ឺនដុល្លារ តែក្រោម២១ម៉ឺនដុល្លារ គឺឱ្យរួចពន្ធប្រថាប់ត្រាដែរអនុវត្តរហូតដល់ឆ្នាំ ២០២៥»

    សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយករដ្ឋានពន្ធដារ ត្រូវផ្តល់គោលការណ៍នេះ ទៅដល់បណ្តាញសាខាពន្ធដារគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ដើម្បីអនុវត្តន៍ឱ្យត្រឹមត្រូវ។

    សម្តេចបរវធិបតីបានបញ្ជាក់ថា ការអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ គឺវិធានការសង្គ្រោះវិស័យចលនទ្រព្យ ដើម្បីចាក់បញ្ចូលសាច់ប្រាក់ (បង្កើតចរន្តទិញ-លក់) ក្នុងវិស័យអចលនទ្រព្យ ជំរុញចរន្តសេដ្ឋកិច្ចជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: