Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបគម្រោងរៀបចំក្រុងថ្មី តែត្រូវកំណត់ឲ្យច្បាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាន ចៀសវាងផលរំខានដល់ការរស់នៅរបស់ពលរដ្ឋ

    BY Liny Chan November 27, 2024
    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបគម្រោងរៀបចំក្រុងថ្មី តែត្រូវកំណត់ឲ្យច្បាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាន ចៀសវាងផលរំខានដល់ការរស់នៅរបស់ពលរដ្ឋ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋានផ្សេងៗ មិនឲ្យនៅប្រមូលផ្ដុំគ្នានោះឡើយ ចៀសវាងផលរំខាន់ដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

    ការបង្ហើបពីគម្រោងក្នុងកំណត់ទីតាំងដោយចែកឲ្យដាច់ពីតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា នៅពេលបច្ចុប្បន្ននេះតំបន់ទាំងអស់នោះបានប្រមូលផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ។

    ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំតែងតែឲ្យគិតនៅពេលរៀបចំក្រុងថ្មី ត្រូវកំណត់កន្លែងណាជាតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ នៅពេលចេញអាជ្ញាប័ណ្ណចៀសវាងការយកបៀហ្គាឌិន ទៅដាក់កន្លែងតំបន់រស់នៅ ដោយកំណត់ទីតាំងច្បាស់លាស់នៅម្ដុំ ជៀសវាងបង្កើតបញ្ហា»

    បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កន្លងទៅសម្ដេចធ្លាប់ទទួលបាននូវសំណូមពរឲ្យជួយដោះស្រាយ ពីផលរំខានដោយសារការធ្វើអាជីវកម្មផ្ទះត្រចៀកកាំ នៅជាមួយភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ។ ដូច្នេះចាប់ពីពេលនេះទៅ សម្ដេចបានណែនាំថា មុននឹងចេញអាជ្ញាប័ណ្ណត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យមានការរំខាន់ដល់ការរស់នៅ។

    បើទោះបីមិនទាន់បង្ហើបថា ក្រុងថ្មីត្រូវបានបង្កើននៅតំបន់ណាក្ដី ប៉ុន្ដែសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៀតថា ទាំងការរៀបចំសោភណ្ឌភាព និងរៀបចំផ្លូវសម្រាប់ធ្វើចរាចរណ៍ឲ្យបានធំទូលាយ ពិសេសផ្លូវសម្រាប់រថយន្ដក្រុងដែលធ្វើដំណើរជារួម មិនអាចតូចដូចផ្លូវសម្រាប់មធ្យោបាយឯកជននោះទេ ពោលការរៀបចំគន្លងផ្លូវឲ្យបានធំ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

    លើសពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យបន្តជំរុញរៀបចំផែនការមេ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងដើម្បីឆ្លើយតបបានទៅនឹងតម្រូវការអភិរក្ស និងអភិវឌ្ឍទីក្រុង ទីប្រជុំជន, ជាពិសេសការគិតគូរពង្រីកបន្ថែមលើការរៀបចំសួនសាធារណៈ និងឧទ្យានបៃតង ដើម្បីប្រែក្លាយទៅជាទីក្រុង, ទីប្រជុំជន ដែល​អាច​រស់នៅបានសម្រាប់ទាំងអស់គ្នា ប្រកបដោយសោភណ្ឌភាព, ទស្សនីយភាព សុវត្ថិ​ភាព បរិស្ថានល្អគួរឲ្យរស់នៅ។

    ជាមួយគ្នានេះ សម្ដេចស្នើឲ្យក្រសួងរៀបចំដែនដី ប្រែក្លាយទស្សនទាន​នៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ឲ្យបានឆាប់ ដោយឈរលើគោលនយោបាយ និងផែនការសកម្មភាពជាក់ស្ដែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយ ចំណេះដឹង និងមានភាតរភាពជាបងប្អូន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: