ព័ត៌មានជាតិ November 27, 2024

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ មិនមានគោលការជ្រើសរើសមន្ត្រីថ្មី សម្រាប់ឆ្នាំ២០២៤-២០២៥ នៅឡើយទេ

Liny Chan

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ចំពោះក្របខ័ណ្ឌអនុញ្ញាត ជ្រើសរើសមន្ត្រីថ្មី សម្រាប់ឆ្នាំ២០២៤-២០២៥ គឺមិនទាន់មាននៅឡើយទេ ខណៈដែលការប្រឡងនាពេលកន្លងមកសុទ្ធតែ ជាការអនុញ្ញាតតាំងពីឆ្នាំ ២០២៣។

ការបញ្ជាក់យ៉ាងដូច្នេះ របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាភូមិន្ទរដ្ឋបាល។

ឧបនាយករមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា បើសិនជាក្រសួងសាម៉ីមិនមានការវិភាគមុខងារច្បាស់លាស់ និងចប់សព្វគ្រប់ ក្រសួងនោះមិនអាចមានឱកាស នៅក្នុងការជ្រើសរើសមន្ត្រីបាននោះទេ ខណៈដែលគោលបំណងនៃការវិភាគមុខងារ គឺការជាពិនិត្យទៅលើសុខភាព របស់ក្រសួងស្ថាប័ន ដើម្បីទទួលបានប្រសិទ្ធភាព និងល្អប្រសើរជាងមុន ជាពិសេសការប្រើប្រាស់ចំណាយប្រកបដោយប្រសិទ្ធភាព។។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ពីអាណាត្តិមុនៗ យើងធ្លាប់ឮ ដែលក្រសួងខ្លះ គឺស្នើសុំឲ្យមានការរៀបចំនូវរចនាសម្ព័ន្ធ ឬក៏ស្នើសុំឲ្យមានការជ្រើសរើសមន្ត្រីបន្ថែម ដើម្បីបំពេញតួនាទីភារកិច្ច តែចំពោះអាណាត្តិទី៧ ហើយនឹងការវិភាគមុខងារ គឺវាផ្សាភ្ជាប់ទៅនឹង ក្រសួងសាម៉ីត្រូវការវិភាគការងារទៅអ្វីដែលជាសុខភាពរបស់ខ្លួន តែមិនឲ្យពង្រីករចនាសម្ព័ន្ធ ហើយបើមានការវិភាគមុខងារចប់សព្វគ្រប់ ក៏មិនមានឱកាសក្នុងការជ្រើសមន្ត្រីក្របខ័ណ្ឌថ្មីៗបន្តទៀតដែរ ហេតុអីបើក្រសួងសាម៉ីមួយមិនមានសិទ្ធិជ្រើសរើសក្របខ័ណ្ឌថ្មី ចុះកន្លងមកការប្រឡង គឺប្រឡងជ្រើសរើសក្របខ័ណ្ឌអី ការប្រឡងកន្លងមកសូមបញ្ជាក់ គឺសុទ្ធតែក្របខ័ណ្ឌដែលបានអនុញ្ញាត តាំងពីឆ្នាំ២០២៣ លើកលែងតែមន្ត្រីកសិកម្មទេ តែមន្ត្រីកសិកម្មក៏បានឯកភាពដូចគ្នាតាំងពីឆ្នាំ២០២៣ដែរ អីចឹងចំពោះក្របខ័ណ្ឌអនុញ្ញាតថ្មី សម្រាប់ឆ្នាំ២០២៤ ដល់ ២០២៥ គឺមិនទាន់មានទេ»

លោកបានគូសបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន ជាសេនាធិការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជាការគាំទ្របច្ចេកទេសទៅឲ្យក្រសួងសាម៉ី ត្រូវម្ចាស់ការបុរេសកម្ម នៅការអនុត្តការវិភាគមុខងារផ្ទាល់ខ្លួន ទៅតាមអ្វីដែលបានណែនាំ ខណៈដែលក្រសួងមុខងារសាធារណៈ មិនមានតួនាទីក្នុងការវាយតម្លៃថាក្រសួងណា មិនទាន់បានធ្វើការវិភាគមុខងារគ្រប់គ្រាន់ ការបំពេញតួនាទីស្នូលរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈ ដែលប្រជាពលរដ្ឋគាំទ្រ ឬមិនគាំទ្រនោះទេ។

បើទោះបីជាក្រសួងមុខងារសាធារណៈ មិនមានតួនាទីភារកិច្ចក្នុងការវាយតម្លៃក៏ពិតមែន តែក្រសួងមុខងារសាធារណៈត្រៀមខ្លួន ជាស្រេចគ្រប់ពេលវេលា ក្នុងការពិគ្រោះជាមួយក្រសួងសាម៉ីនោះ ដើម្បីធ្វើយ៉ាងណាឈានទៅសម្រេចបានគោលដៅ រួមក្នុងការវិភាគមុខងារនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News