ព័ត៌មានជាតិ November 29, 2024

មនុស្សម្នាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ជម្លៀសខ្លួន ខណៈទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសថៃ

Liny Chan

(បាងកក)៖ អាជ្ញាធរបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ថ្ងៃជាប់ៗគ្នា បង្កឱ្យមានទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ លោក Wasan Chaitaweewong បានប្រាប់ AFP ថា ទឹកជំនន់ឆក់យកជីវិតសិស្សម្នាក់ នៅក្នុងខេត្ត Narathiwat ខណៈដែលមនុស្សជាង ២,៧០០នាក់ផ្លាស់ទីលំនៅ។ ភ្លៀង​ធ្លាក់​អូស​បន្លាយ​ក៏​បាន​បង្ខំ​ឱ្យ​ផ្អាក​សាលារៀន ​ក្នុង​ស្រុក​ចំនួន ៦៥​កន្លែងផង​ដែរ។

នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តាមព្យាករណ៍ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើតែទូទាំងខេត្ត Narathiwat រហូតដល់ដើមខែធ្នូ។ ទាហាន និង​អ្នក​ស្ម័គ្រ​ចិត្ត​ជាង ៥០០នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ចែក​អំណោយ​សង្គ្រោះ ក៏ដូចជាជួយ​ជម្លៀស​អ្នក​ស្រុក​ទៅ​កាន់​ទីសុវត្ថិភាព។

គួរបញ្ជាក់ថា ខណៈប្រទេសថៃជួបប្រទះនឹងភ្លៀងមូសុងប្រចាំឆ្នាំ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានលំនាំអាកាសធាតុកាន់តែអាក្រក់ ដែលអាចនាំមកនូវទឹកជំនន់ធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News