ព័ត៌មានជាតិ December 4, 2024

ភ្ញៀវទេសចរអាមេរិក ឈរនៅលំដាប់លេខ១ ដែលមកទស្សនាអង្គរច្រើនជាងគេ ខណៈភ្ញៀវចិនឈរចំណាត់ថ្នាក់ទី៤

Liny Chan

(ភ្នំពេញ)៖ ភ្ញៀវទេសចរអាមេរិកឈរនៅលំដាប់លេខ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជិត ៤០ម៉ឺននាក់ ដែលបានមកទស្សនានៅរមណីយដ្ឋានអង្គរច្រើនជាងគេ ក្នុងរយៈពេល១១ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

តាមរបាយការណ៍នេះបានឱ្យដឹងថា នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣ ដោយចំណូលបានជិត ៤២លានដុល្លារ ។
ក្នុងនោះកម្ពុជាទទួលបានភ្ញៀវមកពីអាមេរិកច្រើនជាងគេ ដែលមានចំនួន ៩២ ៨៤១ នាក់ កើនឡើង១០.៣៣%។ ចំណែកភ្ញៀវទេសចរ អង់គ្លេសស្ថិតនៅលំដាប់ទី២ មានចំនួន ៧៧ ៤៤៦ កើនឡើង៨.៦២% តាមពីក្រោយអង់គ្លេស គឺភ្ញៀវទេសចរបារាំង ដែលមានចំនួន ៧២ ៣៩៩ នាក់ ខណៈចិនស្ថិតនៅលំដាប់ទី៤ មានចំនួន៧១ ១៧៦នាក់ រីឯភ្ញៀវទេសចរកូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី៥ ដែលមានចំនួន ៦៥ ៨៨៥នាក់។

លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរបានឱ្យដឹងថា ការទទួលបាននូវកំណើនភ្ញៀវទេសចរអន្តរជាតិនេះ គឺដោយសារមានការសហការគ្នារវាងរដ្ឋ និងឯកជន ជំរុញការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាពិសេសកត្តាសុខសន្តិភាព ដែលជំរុញឱ្យភ្ញៀវទេសចរណ៍អន្តរជាតិទាំងនោះ សម្រេចចិត្តមកទស្សនាកម្សាន្តនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា ភ្ញៀវទេសចរ មកពីអាមេរិក អឺរ៉ុប និងអូស្ត្រាលី មានចំនួនប្រហាក់ប្រហែលមុនការរាតត្បាតជំងឺកូវីដ-១៩។ ចំណែកភ្ញៀវទេសចរដែលមកពីតំបន់អាស៊ី ហាក់នៅមានកម្រិតទាបនៅឡើយ ដោយសារប្រទេសមួយចំនួន នៅរងផលប៉ះពាល់សេដ្ឋកិច្ច។

បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា១ថ្ងៃមានតម្លៃ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃមានតម្លៃ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ។

បើតាម លោក លី សែ សម្រាប់ចុងឆ្នាំ២០២៤នេះ គឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ភ្ញៀវទេសចរអន្តរជាតិដែលទិញសំបុត្រចូលទស្សនា រយៈពេល ៣ថ្ងៃ និង៧ថ្ងៃ បានកើនឡើងប្រមាណជាង៤០%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News