ព័ត៌មានជាតិ December 6, 2024

មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចេញលិខិតបដិសេធចំពោះការបង្ហោះតាមបណ្ដាញសង្គមដែលថា «មានការឆ្លងរាលដាលមេរោគអេដស៍ជាង១ពាន់ករណី នៅក្រុងប៉ោយប៉ែត ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល»

Liny Chan

(បន្ទាយមានជ័យ)៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញលិខិតបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមមួយ ដែលថា «មានករណីឆ្លងរីករាលដាលមេរោគអេដស៍ នៅក្រុងប៉ោយប៉ែតជាង១ពាន់នាក់ ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល»

លិខិតរបស់មន្ទីរពេទ្យនេះ បានធ្វើឡើងបន្ទាប់ពី ទំព័រហ្វេបុករបស់គណនីឈ្មោះ Nhim Phoeung កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានផ្សព្វផ្សាយ មានអ្នកផ្ទុកមេរោគអេដស៍នៅក្រុងប៉ោយប៉ែតមាន ១,៣៣៦នាក់ អ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាលជាមួយអង្គការ ឬមន្ទីរជំនាញ។

មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានចាត់ទុកថា ព័ត៌មាន និងទិន្នន័យទាំងអស់នេះ អាចបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភ ហើយជាព័ត៌មានដែលខុសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនបានសួរបញ្ជាក់ច្បាស់លាស់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលជាអង្គភាពជំនាញក្នុងគ្រប់គ្រងទិន្នន័យ និងផ្តល់សេវាបង្ការថែទាំ និងព្យាបាលមេរោគអេដស៍ ជំងឺអេដស៍ និងកាមរោគ។

បើគិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានអ្នកផ្ទុកមេរោគអេដស៍បានមកទទួលសេវាពិនិត្យ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានចំនួន ១,៤២២ នាក់/ស្រី ៧២៥នាក់ តែដែលមិនមកប្រើប្រាស់បានត្រឹមត្រូវ និងទៀងទាត់មានចំនួន១៧នាក់ ហើយស្ថិតនៅក្រោមការតាមដានស្រាវជ្រាវ និងជំរុញរបស់ក្រុមការងារ ដើម្បីឱ្យពួកគាត់មកទទួលសេវា ព្រោះក្នុងចំណោមនេះអាចមានអ្នកខ្លះផ្លាស់ប្តូរទីលំនៅកន្លែងធ្វើការ។

ម្យ៉ាងទៀត ចំពោះការផ្តល់សេវាបង្ការថែទាំ និងព្យាបាលជំងឺអេដស៍ អនុវត្តតាមការងារបច្ចេកទេស របស់ក្រុមគ្រូពេទ្យបម្រើការងារនៅតាមមន្ទីរពេទ្យ មិនមែនក្រោមការគ្រប់គ្រង និងផ្តល់សេវា របស់អង្គការដៃគូទេ។

លិខិតដដែលបានបញ្ជាក់ថា ដូច្នេះ ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការបង្ហាញនូវទិន្នន័យខាងលើ អាចធ្វើឱ្យមានការភ័ន្តច្រឡំ និងការយល់ខុសអំពីមតិសាធារណជន ដែលអាចបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភ អំពីការងារ គ្រប់គ្រង និងការងារបម្រើសេវាបង្ការ ថែទាំ និងព្យាបាលអ្នកជំងឺអេដស៍ពីមូលដ្ឋានសុខាភិបាលសាធារណៈ ដែលកំពុងតែបង្កើនការយកចិត្តទុកដាក់ និងការគិតគូយ៉ាងខ្លាំងចំពោះ អ្នកផ្ទុកមេរោគអេដស៍ ហើយដែល សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានផ្តល់បណ្ណសមធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ដោយមិន រើសអើង ដើម្បីងាយស្រួលក្នុងការមកទទួលសេវាសុខាភិបាលសាធារណៈ ដោយមិនគិតថ្លៃ។

មន្ទីរពេទ្យបង្អែកប៉ោយប៉ែត សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ និងស្នើឱ្យម្ចាស់គណនី ឈ្មោះ Nhim Phoeung ធ្វើការលុប និងកែតម្រូវចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News