Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

    BY Liny Chan December 7, 2024
    រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងថោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

    រដ្ឋបាលជលផលបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

    រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

    ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: