Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ

    BY Liny Chan December 12, 2024
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាយើងវេទនា ៥០០ឆ្នាំមកហើយ លំបាកឆ្អែតឆ្អន់មកហើយ យើងទើបតែរកបានសុខសន្តិភាពពេញលេញប្រមាណជិត ២៦ឆ្នាំមកនោះទេ ដូចនេះកម្ពុជាមិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ ដែល «ទិវាជាតិនេះធ្វើឡើងក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»

    នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីបញ្ហាករណីក្មេងជនជាតិតៃវ៉ាន់ ដែលបានមកថតជាវីដេអូ ក្នុងរូបភាពជាករណីចាប់ជំរិត ដើម្បីមួលបង្កាច់ពីកម្ពុជា ដោយសម្តេចបានអះអាងថា ក្នុងករណីមានការមួលបង្កាច់ក្នុងរូបភាពណាមួយមកលើកម្ពុជា ស្ថាប័នពាក់ព័ន្ធនឹងធ្វើការឆ្លើយតបភ្លាម តាមរយៈការសហកាជាមួយដៃគូរជាតិ និងអន្តរជាតិ ដើម្បីខិតខំដោះស្រាយ និងទប់ស្កាត់រាល់បញ្ហា។

    ពាក់ព័ន្ធករណីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងនឹងខិតខំទប់ស្កាត់បញ្ហា ប៉ុន្តែបើអ្នកឯងមកលាបពណ៍យើង ធ្វើមិនត្រូវ យើងមានសិទ្ធក្នុងការពារខ្លួន ហើយការពារនេះកម្ពុជា មិនមែនការពាររាជរដ្ឋាភិបាលនោះទេ គឺការពាររូបភាពរបស់កម្ពុជាសម្រាប់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់នៅក្នុងប្រទេស [..] ការពារ​កិត្តិយសជាតិរបស់យើង ព្រោះយើងវេទនា ៥០០ឆ្នាំមកហើយ ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេទើបដល់ខួប ២៦ឆ្នាំនៃការបញ្ចប់សង្គ្រាម កម្ពុជាទើបតែបានឯកភាពទឹកដីទេ យើងវេទនាណាស់ទៅហើយ គឺមិនអាចឱ្យជនបរទេសមកបំផ្លាញកិត្តិយសរបស់យើង ដើម្បីគេគេងចំនេញនោះទេ»

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កម្ពុជាត្រូវតែអនុវត្តច្បាប់ទាំងអ្នកលបលួចមកបំផ្លាញឱ្យកម្ពុជាមានរូបភាពអាក្រក់ អនុវត្តច្បាប់ទាំងអ្នកមកថតបំផ្លាញ ទាំងអ្នកវាយប្រហារដែលមានចេតនា​បំផ្លាញកម្ពុជា គឺកម្ពុជាត្រូវតែឆ្លើយតបដើម្បីការពាររកយុត្តិធម៍ ហើយនេះគឺមិនមានអ្វីខុសនោះឡើយ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថាប័ន និងប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួមគ្នាដើម្បីការពារកិត្តិយសជាតិ ត្រូវរួមគ្នាតស៊ូ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងរឿងបទល្មើសផ្សេងៗ ដើម្បីសេចក្តីសុខរបស់កូនចៅជំនាន់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានយូរអង្វែង រួមគ្នាការពារកុំឱ្យមានសង្គ្រាមត្រឡប់មកវិញ, ការរស់នៅដោយមានសន្តិភាព សន្តិសុខ សុវត្តិភាព គឺជាអ្វីដែលយើងត្រូវថែរក្សាឱ្យបានគង់វង្ស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: