Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរអគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមត្រួតពិនិត្យតាមដានបញ្ហានានា ពាក់ព័ន្ធនឹងការផ្តល់សេវាអគ្គិសនីទូទាំងប្រទេស ដើម្បីធានាពីតម្លាភាព ប្រសិទ្ធភាព និងសុក្រឹត្យភាពដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយ

    BY Liny Chan December 12, 2024
    អាជ្ញាធរអគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមត្រួតពិនិត្យតាមដានបញ្ហានានា ពាក់ព័ន្ធនឹងការផ្តល់សេវាអគ្គិសនីទូទាំងប្រទេស ដើម្បីធានាពីតម្លាភាព ប្រសិទ្ធភាព និងសុក្រឹត្យភាពដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយ

    (ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីធានាពីតម្លាភាព ប្រសិទ្ធភាព និងសុក្រឹត្យភាពដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមត្រួតពិនិត្យតាមដានបញ្ហានានាពាក់ព័ន្ធនឹងការផ្តល់សេវាអគ្គិសនីទូទាំងប្រទេស។

    ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ «ណែនាំពង្រឹងការអនុវត្តច្បាប់ សេចក្ដីណែនាំ និងលិខិតបទដ្ឋានានា ដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរអគ្គិសនី នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗចំនួន ១៦៦ និងបានចាត់តំណាងចូលរួមចំនួន ៣១១រូប។

    ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ពីចំណុចគោលសំខាន់ៗដែលអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវត្រួតពិនិត្យនិងតាមដានដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗ រួមមាន៖

    ទី១៖ បញ្ហាការដាច់ការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់

    ទី២៖ បញ្ហាគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់ទាំងលើបណ្តាញបញ្ជូន និងទាំងលើប្រព័ន្ធផ្គត់ផ្គង់របស់សហគ្រាសឯកជន និងរដ្ឋ

    ទី៣៖ បញ្ហាការផ្តល់សេវាពាក់ព័ន្ធផ្សេងៗដល់អតិថិជនរបស់សហគ្រាសឯកជន និងរដ្ឋ

    ទី៤៖ បញ្ហាការបង់កម្រៃសេវាក្រៅផ្លូវការ

    ទី៥៖ ការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធអនឡាញ និងប្រព័ន្ធទូរស័ព្ទក្នុងការផ្តល់សេវានានាពាក់ព័ន្ធនឹងការផ្តល់សេវាអគ្គិសនី។

    លោកបានថ្លែងថា ពាក់ព័ន្ធនឹងចំណុចសំខាន់ៗខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងលើកយកបញ្ហាលម្អិតមួយចំនួនមកណែនាំ និងពិភាក្សា ដើម្បីពង្រឹងការអនុវត្ត៖

    * បញ្ហាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់

    * បញ្ហាការផ្គត់ផ្គង់អគ្គិសនីឱ្យបានពេញតំបន់កំណត់ក្នុងអាជ្ញាបណ្ណ និងចៀសវាងការផ្គត់ផ្គង់ចេញក្រៅតំបន់អាជ្ញាបណ្ណ

    * បញ្ហាយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់

    * បញ្ហាការប្រើប្រាស់បរិក្ខារអគ្គិសនីខុសគោលការណ៍ការកំណត់ ឬខុសស្តង់ដារ

    * បញ្ហាការអនុវត្តគោលការណ៍ភ្ជាប់ចរន្តឱ្យអតិធិជនធុនធំ មធ្យម តូច

    * បញ្ហាគោលការណ៍នៃការកំណត់ក្រុមហ៊ុនម៉ៅការសាងសង់ប្រព័ន្ធបណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់

    * បញ្ហាបង្កើតហ្វេសប៊ុក លេខ​ Hot Line លេខទំនាក់ទំនងធម្មតា សម្រាប់បម្រើសេវាជូន អតិថិជន

    * បញ្ហាផ្សព្វផ្សាយ និងការប្រើប្រាស់កម្មវិធី EAC-App របស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន សម្រាប់មប្រើសេវាជូនអតិថិជន

    * បញ្ហាគោលការណ៍ និងបទប្បញ្ញត្តិស្តីពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា Solar Rooftop

    * បញ្ហាការគ្រប់គ្រងបញ្ជីអចលនទ្រព្យរបស់អ្នកកាន់អាជ្ញាបណ្ណ

    * បញ្ហាការចុះហត្ថលេខាលើឯកសារផ្លូវការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា

    * បញ្ហាផ្សេងៗពាក់ព័ន្ធ

    * បញ្ហាយេនឌ័រ (ផែនការកំណត់លក្ខខណ្ឌឱ្យអ្នកផ្តល់សេវាកម្មផ្នែកអគ្គិសនីទាំងអស់ផ្តល់ ការងារដល់ស្ត្រីយ៉ាងតិចឱ្យបាន ៣០% ទៅ ៤០% សម្រាប់សកម្មភាពសេវាកម្មនានា របស់អ្នកផ្តល់សេវាកម្មផ្នែកអគ្គិសនី នៅឆ្នាំ២០៣០)។

    លោក យឹម វិសិដ្ឋ ក៏បានមានប្រសាសន៍ថា អ្នកកាន់អាជ្ញាបណ្ណទាំង១៦៦នេះ គឺចាត់ទុកថា ជាអ្នកកាន់អាជ្ញាបណ្ណ ដែលពាក់ព័ន្ធសំខាន់ក្នុងកម្មវត្ថុដែលត្រូវណែនាំ និងពិភាក្សាក្នុងថ្ងៃនេះ ដោយឡែកអ្នកកាន់អាជ្ញាបណ្ណ ដែលពុំបានអញ្ជើញចូលរួមកិច្ចប្រជុំថ្ងៃនេះ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងរៀបចំកិច្ចប្រជុំជាមួយពួកគាត់នៅពេលក្រោយឆាប់ៗនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: