ក្រុមក្មេងទំនើងដែលប្រើដុំថ្មគប់ និងកាំ.បិតដេញកា.ប់ជនរងគ្រោះនៅខណ្ឌដង្កោ ត្រូវកម្លាំងនគរបាលចាប់ខ្លួនចំនួន១២នាក់
(ភ្នំពេញ)៖ ក្រុមក្មេងទំនើងដែលប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជាបន្ដបន្ទាប់ចំនួន១២នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

យោងតាមរបាយការណ៍ដែលបង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំង១២នាក់នេះ មានស្ដ្រីម្នាក់ផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា ក្នុងនោះ រួមមាន៖
*ករណីទី១៖ បទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះ) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១៖៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់។
*ករណីទី២៖ បទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចគល់ស្ពានស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់។
ក្នុងនោះដកហូតបាន ផ្លាកលេខម៉ូតូចំនួន៣, កាំបិតប៉័ងតោចំនួន១, ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រ ចំនួន១ដើម, ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូចំនួន៧គ្រឿង។ ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ម៉ូតូនៅខណ្ឌមានជ័យចំនួន២ករណីថែមទៀត។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


