ព័ត៌មានជាតិ December 16, 2024

លទ្ធផលបឋមជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤៖ ចំនួនប្រជាជនសរុប ១៧,២៨០,៥៤៣នាក់, ចំណែកអាយុសង្ឃឹមរស់ទាំងពីរភេទ ៧៦.៦ឆ្នាំ

Liny Chan

(ភ្នំពេញ)៖ តាមលទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនប្រជាជនសរុប ១៧,២៨០,៥៤៣នាក់ ស្ត្រីមានប្រមាណ៥០.៩% ខណៈអាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦.៦ឆ្នាំ (ដែលបុរស ៧៤.៧ឆ្នាំ និងស្ត្រី ៧៨.៤ឆ្នាំ)។

លទ្ធផលនេះ បានបង្ហាញនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ ក្រោមអធិបតីភាពលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។

តាមលទ្ធផលបឋម ទទួលបានពីអង្កេតនេះ គឺផ្តោតសំខាន់លើចំណុចធំៗដូចជា៖

ទី១៖ ទំហំប្រជាជន និងកំណើន៖

* ចំនួនប្រជាជនសរុប ១៧ ២៨០ ៥៤៣នាក់ ស្ត្រីមានប្រមាណ ៥០.៩%,
* កំណើនប្រជាជនមធ្យមប្រចាំឆ្នាំមានប្រមាណ ២.១%,
* ចំនួនគ្រួសារសរុបមាន ៣ ៧៣៥ ៦៥៩ ចំនួនសមាជិកគ្រួសារមធ្យមមាន ៤.៦នាក់,
* អត្រាលទ្ធភាពមានកូនសម្រាប់ស្ត្រីអាយុ ១៥-៤៩ឆ្នាំ ម្នាក់មាន ២.៥នាក់,
* អត្រាកំណើតដុលមាន ២០.៦នាក់
* ផលធៀបអាយុក្នុងបន្ទុកមាន ៥៨.៥%,
និង អាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦.៦ឆ្នាំ (ដែលបុរស ៧៤.៧ឆ្នាំ និងស្ត្រី ៧៨,៤ឆ្នាំ)។

ទី២៖ ការបែងចែកប្រជាជន៖

* រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត មានប្រជាជនច្រើនរស់នៅប្រមាណ ២ ៣៥២ ៨៥១នាក់ ស្មើ ១៣.៦%

* តំបន់ទំនាបកណ្តាល មានប្រជាជនប្រមាណ ៨ ៦៤៦ ២០៣នាក់ ស្មើ ៥០.៣% រស់នៅច្រើនជាងតំបន់ផ្សេងៗទៀត ដូចជា តំបន់ទន្លេសាប តំបន់ឆ្នេរ និងសមុទ្រ និងតំបន់ខ្ពង់រាប និងភ្នំ

* អត្រាប្រជាជនរស់នៅទីប្រជុំជនមាន ៤១.៥% មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក ប៊ិន ត្រឈៃ បានបញ្ជាក់ថា អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤នេះ គឺជាកិច្ចការធំទីពីរ បន្ទាប់ពីជំរឿនប្រជាជន ឆ្នាំ២០១៩ ដែលដឹកនាំអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដែលមាននាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កេត ជាអង្គភាពអនុវត្ត ប្រកបដោយភាពហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់។

គូសបញ្ជាក់ថា ការអង្កេតនេះ ជាអង្កេតលើកទី៣ ដែលបានអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យ ប្រជាសាស្ត្រពាក់កណ្តាលជំរឿន ប្រកបដោយជោគជ័យ នៅឆ្នាំ២០១៩ ក្រោមការដឹកនាំអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News