Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម ណែនាំឱ្យស្នងការ បង្កើតក្រុមការងារពិសេសមួយ បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ

    BY Liny Chan December 16, 2024
    អភិបាលខេត្តកំពង់ចាម ណែនាំឱ្យស្នងការ បង្កើតក្រុមការងារពិសេសមួយ បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ

    (កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឱ្យស្នងការនគរបាល បង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធ អនឡាញប្រកបដោយប្រសិទ្ធភាព។

    លោក អ៊ុន ចាន់ដា បានឱ្យដឹងថា បញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញកំពុងតែកើតឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះមានដូចជា៖ ការឆរបោកតាមប្រព័ន្ធអនឡាញ ពោលគឺការវិនិយោគក្លែងក្លាយ ដែលជនរងគ្រោះដាក់ទុន វិនិយោគហើយមិនអាចដកលុយវិញបាន។

    អភិបាលខេត្តបានបញ្ជាក់ថា ការឆបោក ការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដូចជាការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដើរជនរងគ្រោះទិញដាក់លុយទៅហើយមិនបានរបស់ ឬបានទំនិញមកប្រើមិនកើតក៏មាន។ ម្យ៉ាងទៀត គឺការឈរបោកតាមរយៈការក្លែងអត្តសញ្ញាណ ពោលគឺជនឆបោកបានកាត់តរូបភាពថ្នាក់ដឹកនាំជាមន្ត្រីនគរបាល ទៅគំរាម ឬប្រើគ្រប់មធ្យោបាយ ដើម្បីទារប្រាក់ពីជនរងគ្រោះ។

    មួយចំណុចទៀត គឺការឈរបោកតាមល្បែងស្នេហា ដែលជនឈរបោកចាប់ផ្ដើមពីការកសាងទំនាក់ទំនងស្នេហា បន្ទាប់មកយករូបភាពផ្សេងៗ ជម្រិតទាប្រាក់ពីជនរងគ្រោះ។ ជាមួយគ្នានេះក៏មានការខ្ចីលុយតាមអនឡាញ ល្បែងស៊ីសងផ្សេងៗទៀត ដែលសុទ្ធតែជាប្រព័ន្ធឆរបោកតាមអនឡាញ។

    ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដល់កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏ដូចជាអ្នកពាក់ព័ន្ធ ដើម្បីរួមសហការគ្នា បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនេះ។

    លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយនូវហានិភ័យ និងការរងគ្រោះដោយការឆរបោកតាមប្រព័ន្ធអនឡាញនេះ តាមរយៈវេទិកាសាធារណៈ ដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យបានដឹងនិងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ Fresh News

    Share This Post: