Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញ, ថ្ងៃខាងមុខភាគខាងកើតទន្លេមេគង្គ នឹងមានអភិវឌ្ឍន៍ខ្លាំង អគារខ្ពស់

    BY Liny Chan December 17, 2024
    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញ, ថ្ងៃខាងមុខភាគខាងកើតទន្លេមេគង្គ នឹងមានអភិវឌ្ឍន៍ខ្លាំង អគារខ្ពស់

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះវិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុនកសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។

    ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សអំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។

    សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការវិនិយោគសាង​សង់​គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើប​ឡើងវិញជាបណ្តើរៗ ខណៈដែលយើងកំពុងធ្វើដំណើរប្រកបដោយក្ដីសង្ឃឹមឆ្ពោះទៅរកសម្រេចគោលដៅ នៃការអភិឌ្ឍប្រទេសកម្ពុជា»

    សម្ដេចបន្ដថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារមិនអាចដើម្បីឲ្យកម្ពុជាក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុងរឿង ជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រទាប់យុវជននាពេលបច្ចុប្បន្ន។ ការងារនេះ គឺជាការងារឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់បានលំនៅឋានសមរម្យ។

    ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា គម្រោង «ទីក្រុង​មេគង្គ ឃី» នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង។ ជារួម តាមរយៈការជួយបង្កើនភាពសកម្ម​នៃវិស័យ​អចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយ​ផ្សព្វ​ផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជាផង។

    ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ។ សម្ដេចបង្ហាញសុទិដ្ឋិនិយមថា ទៅថ្ងៃខាងមុខនៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗមិនខុសខាងរាជធានីភ្នំពេញនោះឡើយ និងលើកទឹកចិត្តឲ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍នៅភាគខាងកើតដងទន្លេមេគង្គផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: